Showing posts with label អាជីវកម្ម. Show all posts
Showing posts with label អាជីវកម្ម. Show all posts

ក្បាច់​គុណ​៧​ក្បាច់​ដែល​សហគ្រិន​​ត្រូវ​​​ចេះ​​ មុន​ចាប់​ផ្តើម​អាជីវកម្ម

ដើម្បី​​បង្កើត​អាជីវកម្ម​​ជា​លើក​ដំបូង ​មិនមែន​ជា​រឿង​​ងាយ​ស្រួល​នោះ​ឡើយ​​​។ វា​​​​​ទាមទារ​ជា​មុន​​​នូវ​ការ​រៀបចំ​គម្រោង​​នានា​​ទៅ​តាម​​ដំណាក់ៗ​​ នីមួយៗ​ឲ្យ​បាន​ច្បាស់លាស់។ រៀបចំ​គម្រោង បង្កើត​គន្លឹះ​​ចំណាយ​​​​ហិរញ្ញវត្ថុ និង ការ​បំពេញ​​សំណុំ​បែបបទ​នីតិវិធី​ផ្សេងៗ​ទៀត សុទ្ធ​តែ​ជា​ដំណាក់​កាល​ដែល​សហគ្រិន​ត្រូវ​ឆ្លងកាត់​មុន​បើក​អាជីវកម្ម​​​​​ ​។

ជា​ការ​ផ្តល់​ពន្លឺ​ដល់​ប្រិយមិត្ត​នៅ​ថ្ងៃ​នេះ Thebnews សូម​លើក​យក​ជំហាន​​គោល​សំខាន់ៗ​​ដល់​លោក​អ្នក​​ដែល​ចង់​ក្លាយ​ជា​សហគ្រិន​ ត្រូវ​មាន​ មុន​​​ផ្តើម​អាជីវកម្ម​របស់​ខ្លួន​​ ដោយ​លើក​យក​បង្ហាញ​ជួន​ត្រួសៗ​​តាម​លំដាប់លំដោយដួចខាងក្រោម។

​ជំហាន​ទី​១: សរសេរ​​ផែនការ​អាជីវកម្ម (Business Plan)
អ្នក​មិន​អាច​សង់​ផ្ទះ​​​ដោយ​មិន​​ដឹង​ប្លង់​យ៉ាង​ម៉េច​ឡើយ។ ដូច​គ្នា​នេះ​ដែរ​ ការ​បើក​អាជីវកម្ម​​មួយ​ក៏​ត្រូវ​ចាប់​ផ្តើម​ពី​ផែនការ​អាជីវកម្ម​​ដែរ។ ការ​សរសេរ​ផែន​ការ​អាជីវកម្ម​​​​កើត​ឡើង​ពី​ការ​សិក្សា​​ពី​អាជីវកម្ម​ដែល​ អ្នក​​ចង់​បើក​ឱ្យ​បាន​ច្បាស់​លាស់​​ ហើយ​ត្រូវ​​រៀប​រាប់​ពី​​ទស្សនៈ​វិស័យ​ ​បេសកកម្ម​ ​​លក្ខណៈ​ផលិតផល​ និង​សេវកម្ម​ ការ​ចាត់​ចែង​ហិរញ្ញវត្ថុ​ រចនា​សម្ព័ន្ធ​គ្រប់គ្រង​ យុទ្ធិសាស្ត្រ​ទីផ្សារ​ និង​​ផែនការ​ផ្សេង​ៗ​សំខាន់​ៗ​ជា​ច្រើន​ទៀត ​ដើម្បី​​ជា​ផែន​ទី​សម្រាប់​ដើរ​នៅ​ពេល​អាជីវកម្ម​ចេញ​ជា​រូប​រាង។ ​


ជំហាន​ទី​២:រៀន​វគ្គ​បំពាក់បំប៉ន​​ផ្នែក​អាជីវកម្ម

​ជំនាញ​លើ​អាជីវកម្ម​ គឺ​ចំណេះដឹង​​មួយ​ទៀត​របស់​អ្នក​ ទុក​ជា​គ្រឹះ​សម្រាប់​​​បើក​អាជីវកម្ម។ អ្នក​ត្រូវ​ប្រាកដ​ថា អ្នក​ពិត​ជា​មាន​សមត្ថភាព​គ្រប់គ្រាន់​ និង​ទទួល​បាន​​ការ​បំពាក់បំប៉ន​ច្បាស់លាស់​ពី​យុទ្ធសាស្ត្រ​ផ្សេង​ៗ​ក្នុង​ ការ​គ្រប់គ្រង​​វិស័យ​​អាជីវកម្ម។ តែ​បើ​អ្នក​ខ្វះ​ខាត​ចំណុច​ត្រង់​នេះ ​លោក​អ្នក​ត្រូវ​សិក្សា​ជំនាញ​ទាំង​​នេះ​ក្នុង​គ្រឹះស្ថាន​សិក្សា​ណា​មួយ​ ដែល​​សក្ដិសម​បំផុត​សម្រាប់​វិស័យ​អាជីវកម្ម​នេះ។​ ​

សម័យ​នេះ​ គឺ​​ជា​យុគសម័យ​ឌីជីថល​ ​ដែល​ទាមទារ​​​ឱ្យ​ម្ចាស់​អាជីវកម្ម​មាន​ជំនាញ​ និង​បាន​សិក្សា​រៀន​សូត្រ​ជ្រៅ​ជ្រះ​​មិន​ថា​តែ​ជំនាញពាណិជ្ជកម្ម​ សូម្បី​តែ​​​ជំនាញ​បច្ចេកវិទ្យា​មួួ​យ​ចំនួន​ដែល​នឹង​ត្រូវ​ប្រើ​សម្រាប់​ គាំទ្រ​អាជីវកម្ម​ (​ដូច​ជា​បណ្ដាញ​សង្គម)ត្រូវ​ស្វែង​យល់​ឱ្យ​បាន​ច្បាស់។

យុទ្ធសាស្ត្រ​ដែល​​បាន​ពី​ការ​សិក្សា​ មិន​ប្រាកដ​ថា​​យក​មក​អនុវត្ត​ទទួល​បាន​ជោគជ័យ​នោះ​ទេ​ ក៏​ប៉ុន្តែ​​​វា​ជា​ទុន​មួយ​នាំ​​មក​នូវ​គំនិត​ និង​យុទ្ធសាស្ត្រ​ដែល​ឆ្លើយ​តប​នឹង​បច្ចុប្បន្ន​ភាព​ប្រកួត​ប្រជែង​ជា​ច្រើន ​ទៀត។ ​


ជំហានទី៣: ជ្រើសរើស​ទីតាំង​​អាជីវកម្ម

ការ​ជ្រើសរើស​ទីតាំង​សម្រាប់​បើក​អាជីវកម្ម​ គឺ​ជា​ជំហាន​សំខាន់​មួយ​ទៀត​បន្ទាប់​ពី​​​ផែន​ការ​របស់​អ្នក​ត្រូវ​បាន​ រៀបចំ​ឡើង​បាន​ចប់​សព្វគ្រប់។ គន្លឹះ​ដ៏​ល្អ​សម្រាប់​ឲ្យ​អាជីវកម្ម​ដ៏​តូច​របស់​អ្នក​​លេច​ឈ្មោះ​ពី​មុខ​ សាធារណជន​ទូទៅ​គឺ​​មាន​​គម្រោង​ និង​ការ​ស្រាវជ្រាវ​ច្បាស់លាស់​ជា​មុន​​លើ​ទីតាំង​ភូមិសាស្ត្រ ​ស្ថានភាព​ប្រកួតប្រជែង​ ទន្ទឹម​នឹង​ការ​ស្វែងយល់​ពី​នីតិវិធី​ច្បាប់ និង ពន្ធដារ​នៅ​ក្នុង​តំបន់​នោះ​ផង​ដែរ។ (របៀប​នៃ​ការ​ជ្រើស​រើស​ទីតាំង​ នឹង​ចុះ​ផ្សាយ​នៅ​ពេល​ឆាប់​ៗ​នេះ)

ជំហាន​ទី​៤: បង្កើត​ទុន​សម្រាប់​បើក​អាជីវកម្ម​​​​
​​ហិរញ្ញវត្ថុ ឬ ទុន​សម្រាប់​បើក​អាជីវកម្ម​អាច​មិនមែន​ជា​បញ្ហា​ប្រសិន​បើ​អ្នក​មាន​​ប្រាក់ ​គ្រប់គ្រាន់​សម្រាប់​បើក​អាជីវកម្ម​របស់​ខ្លួន។ តែ​នៅ​មាន​ច្រក​ផ្លូវ​ជា​ច្រើន​ទៀត​ដែល​អ្នក​អាច​​បង្កើត​អាជីវកម្ម​​ ទោះបី​ជា​គ្មាន​ប្រាក់​គ្រប់គ្រាន់ ដូច​ជា ខ្ចីប្រាក់​ ពី​គ្រួសារ ឬ មិត្តភក្ដិ ធនាគារ ឬ អាច​ចូលហ៊ុន​គ្នា​ក៏​បាន។ អាន​លម្អិត...

ជំហាន​ទី​៥: កំណត់​ប្រភេទ​ក្រុមហ៊ុន​​​
ក្រុមហ៊ុន​​អាជីវកម្ម​របស់​អ្នក​​អាច​​បែងចែក​ជា​ច្រើន​ប្រភេទ​ មាន​ជាអាទិ៍ ជា​ក្រុមហ៊ុន​ឯក​កម្មសិទ្ធិ (Sole Proprietorship) ជា​ក្រុមហ៊ុន​សហកម្មសិទ្ធិ ( Partnership) ជា​ក្រុមហ៊ុន​ទទួល​ខុសត្រូវ​មាន​កំណត់ (Limited Liability Company-LLC) ជា​សាជីវកម្ម ឬ ជា​​ស្ថាប័ន​មិន​ស្វែង​រក​ប្រាក់​ចំណេញ​។ អ្នក​ត្រូវ​កំណត់​​ប្រភេទ​ក្រុមហ៊ុន​របស់​អ្នក​ឲ្យ​បាន​ច្បាស់ និង​​ដោយ​ការ​ទទួល​ខុសត្រូវ។
​​
ជំហាន​ទី​៦: សុំ​អាជ្ញាប័ណ្ណ​បើក​អាជីវកម្ម
សម្រាប់​ប្រទេស​កម្ពុជា ការ​ចុះ​អាជ្ញាប័ណ្ណ​អាច​ធ្វើឡើង​​នៅ​​​ក្នុង​​ក្រសួង​ពាណិជ្ជកម្ម។ ការ​សុំ​អាជ្ញាប័ណ្ណ​​គឺ​​ផ្នែក​មួយ​នៃ​​ការ​ទទួល​ស្គាល់​ និង ផ្តល់​អាជ្ញាប័ណ្ណ​ដល់​ក្រុមហ៊ុន​របស់​អ្នក​​អាច​​ដំណើរ​ការ​​​អាជីវកម្ម​ ដោយ​ស្រប​ច្បាប់។ នេះ​​អាច​ការពារ​ហានិភ័យ​មួយចំនួន​ដូចជា​​​ការ​រំលោភ​កម្មសិទ្ធិបញ្ញា​​ ព្រមទាំង​ចែង​ពី​​កាតព្វកិច្ច​ និង​ទំនួលខុសត្រូវ​នានា​ដែល​អ្នក​ត្រូវ​​បំពេញ​​ជា​មុន​ ដូច​ជា​ លក្ខខណ្ឌ​​ការងារ បង់​ពន្ធដារ​ជូន​រដ្ឋ​ជា​ដើម។​

ជំហាន​ទី​៧: ស្វែងយល់​​ទំនួលខុសត្រូវ​លើ​​បុគ្គលិក

ការ​បំពេញ​បែបបទ​​ខាងលើ​គ្រាន់តែ​ជា​ដង​វិថី​មួយ​បើក​ច្រក​ផ្លូវ​ឲ្យ​ សហគ្រិន​ទាំង​អស់​អាច​ដំណើរការ​អាជីវកម្ម​មួយ​បាន​ត្រឹមត្រូវ​ស្របតាម​ នីតិវិធី​​ច្បាប់​ប៉ុណ្ណោះ។ ប៉ុន្តែ​អ្វី​ដែល​ជា​ជំហាន​បន្ទាប់​របស់​អ្នក​​ក្នុង​នាម​ជា​​សហគ្រិន ឬ​ប្រធាន​ក្រុមហ៊ុន​គឺ​ត្រូវ​មាន​ទំនួលខុសត្រូវ​លើ​ស្ថានភាព​ទូទៅ​របស់​ បុគ្គលិក។ ការ​បង់ពន្ធ ប្រាក់ខែ ប័ណ្ណ​ធានា​រ៉ាប់រង​សុខភាព និង​អត្ថប្រយោជន៍​ផ្សេងៗ​គឺ​សុទ្ធតែ​ទំនួលខុសត្រូវ​ដែល​សហគ្រិន​ត្រូវ​ធ្វើ​ ដើម្បី​រក្សា​តុល្យភាព​ការងារ​រវាង​បុគ្គលិក និង និយោជក​​ឲ្យ​​ដើរ​រលូត​ទៅ​មុខ​បាន​ ក៏​ប៉ុន្តែ​ប្រការ​​ទាំង​អស់​​នេះ​ត្រូវ​ធ្វើ​ជា​ជំហ៊ាន​ៗ។

​សូម​បញ្ជាក់​ថា​ ចំណុច​​ទាំង​នេះ​សហគ្រិន​ត្រូវ​​តែ​ចេះ​ និង​យល់​ឱ្យ​បាន​ច្បាស់​ ​ហើយ​អ្វី​ដែល​​​ពិសេស​បំផុត​នោះ​​​​គឺ​ដឹង​​ពី​ឱកាស​​វាយ​លុយ​ទីផ្សារ​​​​៕ ​​

ដកស្រង់ពី៖ TheBNews

ដើមចម៩យ៉ាងដែល​អ្នក​ក្រ​មិន​អាច​ធ្វើ​ជា​អ្នក​មាន​បាន

មនុស្ស​ណា​ម្នាក់​កើត​មក​​ចង់​​ឲ្យ​ខ្លួន​ជា​អ្នកក្រ ឬ នៅ​តែ​ក្រ​រហូត​នោះ​ឡើយ។ ប៉ុន្តែ​ប្រសិន​បើ​​ខ្លួន​ក្រ​ហើយ​ លោក​អ្នក​ត្រូវ​ជីកឫសគល់​​​សួរ​ខ្លួន​ឯង​ថា ហេតុ​អ្វី​បាន​ជា​ខ្លួន​នៅ​តែ​ក្រ?​ តើ​ធ្វើ​ដូចម្តេច​ទើប​រើ​បម្រាស់​​ខ្លួន​ក្លាយ​ជា​អ្នក​មាន​បាន? ខាងក្រោម​នេះ ​គឺ​ជា​មូលហេតុ​ទូទៅ​​ក្នុង​ចំណោម​មូលហេតុ​ផ្សេងៗទៀត​ដែល​គេ​​រក​​ឃើញ​ថា ជា​បុព្វហេតុ​​នាំ​ឲ្យ​​លោក​អ្នក​នៅ​តែ​ជា​ទាសករ​ភាព​ក្រីក្រ​​មិន​អាច​ ងើបមុខ​រួច​ក្លាយ​ជា​អ្នក​មាន​បាន។ ​​

១) ចាយ​ប្រាក់​​ខ្ជះខ្ជាយ
ការ​ចាយប្រាក់​ខ្ជះខ្ជាយ​ហួសហេតុ​ហូរ​ដូច​ទឹក​​​​ គឺ​ជា​ឫសគល់​សំខាន់​មួយ​នៅ​ពីក្រោយ​ភាព​ងើប​​មិន​រួច​ពី​ស្ថានភាព​ក្រីក្រ។ នេះ​បញ្ជាក់​ថា លោក​អ្នក​​ខ្វះ​​​យុទ្ធសាស្ត្រ​បែកចែក​ហិរញ្ញវត្ថុ​ហើយ។ ដូច្នេះ ប្រការ​ដ៏​ល្អ​លោក​អ្នក​ត្រូវ​​ប្រញាប់​រួសរាន់​ត្រួតពិនិត្យ​​ប្រាក់​​​ ចំណាយ​របស់​​​អ្នក​ឡើង​វិញ​​​ឲ្យ​មាន​ប្រសិទ្ធភាព ឬ អាច​ចំណាយ​​លើ​អ្វី​ដែល​អ្នក​ចាំបាច់​ត្រូវការ​ កុំ​ចំណាយ​លើ​អ្វី​ដែល​អ្នក​ចង់​បាន


២) សន្សំ​ប្រាក់​បាន​តិច​

តើ​អ្នក​សន្សំ​ប្រាក់​បាន​ប៉ុន្មាន​ភាគរយ​នៃ​ប្រាក់​ខែ​របស់​អ្នក? ១០%? ២០%?​​ ចំនួន​​នេះ​មិន​ស្ថិត​​​នៅ​ក្នុង​គោលការណ៍​ទូទៅ​នៃ​​កម្មវិធី​​សន្សំ​ប្រាក់ ​នោះ​ឡើយ។ ការ​សន្សំ​ប្រាក់​ចាប់​ពី​៣០% ឡើង​គឺ​ជា​រឿង​ល្អ​​អាច​ឲ្យ​លោកអ្នក​រួច​ចេញ​ពី​ក្រញាំ​ភាព​ក្រីក្រ​បាន។​ ដើម្បី​សន្សំ​ប្រាក់​ឲ្យ​បាន​គ្រប់គ្រាន់ ​លោក​អ្នក​មិន​ត្រូវ​សន្សំប្រាក់​​ដែល​នៅសល់​ពី​ការ​ចំណាយ​នោះ​ឡើយ ពោល​គឺ​ត្រូវ​ចាយ​លុយ​ដែល​នៅ​សល់​ពី​​​ការ​​​សន្សំ។ ទឹកប្រាក់​សន្សំ​​​ត្រូវតែ​ជា​​ប្រាក់​អាទិភាព​​មាន​ភាគរយ​ខ្ពស់​នៅ​ក្នុង​ប្រាក់ខែ​របស់​អ្នក។​​​

៣) ជំពាក់​​បំណុល​គេ​ច្រើន​ពេក
បើ​លោក​អ្នក​ចំពាក់​បំណុល​គេ​ឡើង​វ័ន​ករ​នោះ នេះ​​មិនមែន​ជា​រឿង​ចៃដន្យ​នោះ​ឡើយ​ដែល​ធ្វើ​ឲ្យ​លោក​អ្នក​​​រលាស់ខ្លួន​មិន ​រួច​ចេញ​ពី​ភាព​ក្រីក្រ។ ក្នុង​ករណី​លោក​អ្នក​ជំពាក់​ប្រាក់​ធនាគារ​​ចាប់​ពី​ពីរ​កន្លែង​ឡើង​ទៅ​ លោក​អ្នក​​ដាច់ខាត​ត្រូវ​រក​ប្រាក់​ទៅ​បង់​រំលោះ​ក្នុង​ធនាគារ​ណា​មួយ​ដែល​ មាន​អត្រា​ការប្រាក់​ខ្ពស់​ជាង​ (មុន​គេ)។​

៤) គ្មាន​គម្រោង​ច្បាស់លាស់
សុបិន្ដ​ចង់​​ក្លាយ​ជា​អ្នក​មាន​គ្រាន់តែ​​ជា​រឿង​ស្រមើស្រមៃ​ប៉ុណ្ណោះ ប្រសិន​បើ​លោក​អ្នក​គ្មាន​គម្រោង​ច្បាស់លាស់​ណា​មួយ​​លើ​ដំណើរ​វិថី​ជីវិត​ របស់​ខ្លួន។ នេះ​​អាច​ជា​ហេតុផល​មួយ​ធ្វើ​ឲ្យ​លោក​អ្នក​ចំណាយ​ប្រាក់​ខ្ជះខ្ជាយ​ និង​ ​មិន​បាន​សន្សំ​ប្រាក​ទុក​សម្រាប់​ខ្លួន​ឯង។ ការដែល​​គ្មាន​​គម្រោង​សម្រាប់​ខ្លួនឯង​ ស្មើ​នឹង​រៀបចំ​​ផ្លូវ​ដើរ​ឲ្យ​ខ្លួនឯង​​​ទៅ​មាត់ជ្រោះ​​បរាជ័យ​ផង​ដែរ។ ​ប្រការ​ដ៏​ល្អ លោក​អ្នក​ត្រូវ​រៀបចំ​គម្រោង​មួយ​ឡើង​ ហើយ​​​ប្រើប្រាស់​ហិរញ្ញវត្ថុ​​​ទៅ​លើ​គម្រោង​នោះ​ឲ្យ​មាន​ប្រសិទ្ធភាព។​​​

៥) គ្មាន​ប្រាក់​​​ត្រៀម​ទុក​ក្នុង​ករណី​​​សង្គ្រោះ​បន្ទាន់

អ្នក​ជំនាញ​ហិរញ្ញវត្ថុ​បាន​ផ្តល់​ដំបូន្មាន​ថា លោក​អ្នក​ត្រូវ​​មាន​ប្រាក់​ទុក​​សម្រាប់​ខ្លួន​ឯង​នៅ​ពេល​មាន​ករណី​បន្ទាន់ ​ណាមួយ​ស្មើ​នឹង​ចំនួន ​៦​ ខែ​នៃ​ប្រាក់​ខែ​គោល​​របស់​អ្នក។ លោក​អ្នក​ត្រូវ​ដឹង​ថា ​គ្រាអាសន្ន​​ ឬ ស្ថានភាព​ចាំបាច់​ណា​មួយ​នឹង​កើត​​មាន​ចំពោះ​​លោក​អ្នក​នៅ​ថ្ងៃ​ណា​មួយ​ ជាក់ជា​មិន​ខាន។ ដូច្នេះ ប្រសិន​បើ​​មាន​ប្រាក់​បំរុង​ទុក​សម្រាប់​ខ្លួន​ឯង​ហើយ​នោះ​ វា​​នឹង​​ជួយ​ការពារ​លោក​អ្នក​មិន​​ឲ្យ​​ធ្លាក់​ខ្លួន​ជា​​កូន​បំណុល​របស់​ គេ។​​​

​៦) មាន​ភាព​យឺតយ៉ាវ​ក្នុង​ការ​សន្សំប្រាក់

ការ​សន្សំ​ប្រាក់​មិន​​ទាន់​ពេល​វេលា មិន​ខុស​​អ្វី​​​ពាក្យ​ចាស់​លោក​ពោល​ថា «ចោរលួច​ទើប​ធ្វើ​របង ដល់​ពេល​ប្រឡង​ទើប​ខំរៀន» នោះ​ឡើយ​។ ភាព​យឺតយ៉ាវ​នៃ​ការ​សន្សំ​ប្រាក់​ នឹង​រុញ​ច្រាន​លោក​អ្នក​ឲ្យ​ធ្លាក់​ក្នុង​រណ្តៅ​ភាព​ក្រីក្រ ប្រសិន​បើ​​​ករណី​បន្ទាន់​ណា​មួយ​ដូច​បាន​រៀបរាប់​​នៅ​ចំណុច​​ទី៥ កើត​មាន​ឡើង​។ គន្លឹះ​ដ៏​ល្អ ទោះបី​ជា​លោក​អ្នក​រក​ប្រាក់​បាន​​តិច​ឬ ច្រើន​យ៉ាង​ណា​ក៏ដោយ ត្រូវ​ធ្វើ​យ៉ាងណា​សន្សំ​ប្រាក់​​ឲ្យ​បាន ជៀសវាង​និយាយ​ពាក្យ​ថា​ស្តាយក្រោយ​នៅ​​ថ្ងៃ​ខាងមុខ។
​​​​​
៧) គិត​តែ​ពី​បច្ចុប្បន្ន​ភាព បំភ្លេច​អនាគតកាល
រក​មួយ​ថ្ងៃ​ចាយ​មួយ​ថ្ងៃ​នេះ មាន​ន័យ​ថា ​មាត់​ជ្រោះ​ភាព​ក្រីក្រ​កំពុង​រង់​ចាំ​លោក​​អ្នក។ បើ​លោក​អ្នក​រក​ប្រាក់​សម្រាប់​តែ​ផ្គត់ផ្គង់​នៅ​ថ្ងៃ​នេះ ​ធានា​ថា​លោក​អ្នក​នឹង​ក្លាយ​ជា​​កូន​បំណុល​នៅ​ថ្ងៃ​អនាគត​ជាក់ជា​ពុំខាន។ ត្រូវ​លុប​បំបាត់​ចោល​​ឥរិយាបថ​​ «ទិញ​​មុន​បារម្ភ​​ក្រោយ» ហើយ​ប្រកាន់​យក​​គំនិត «សន្សំ​មុន​​មាន​ក្រោយ​» ឲ្យ​ជាប់​នៅ​ក្នុង​ខ្លួន​ជានិច្ច។

​​៨) បោះ​ពង​មាន់​ល្អ​​​ចូល​ក្នុង​កន្ត្រក​​ស្អុយ​
​លោកអ្នក​ពិត​​រីករាយ​​ពេល​​សន្សំ​ប្រាក់​បាន​ច្រើន​ស្រប​តាម​ក្តី​ប្រាថ្នា ​របស់​ខ្លួន​ ​សម្រាប់​យក​ទៅ​ប្រើប្រាស់ ឬ វិនិយោគ​លើ​គម្រោង​ណា​មួយ​របស់​ខ្លួន​។ ប៉ុន្តែ​លោក​អ្នក​ធ្លាប់​គិត​ថា ការ​យក​លុយ​សន្សំ​យូរឆ្នាំ​នេះ​​​ទៅ​ប្រើប្រាស់​​ ប្រៀប​ដូច​​​​ជា​បោះ​ពង​មាន់​ល្អ​​​​ចូល​ទៅ​ក្នុង​កន្ត្រក​ស្អុយ​​មួយ​ ដូច្នេះ​ដែរ។ អត្ថន័យ​នេះ​ចង់​បញ្ជាក់​ថា លោក​អ្នក​ត្រូវ​ប្រើប្រាស់​​ប្រាក់​ដែល​បាន​សន្សំ​​​​យក​ទៅ​វិនិយោគ​ឲ្យ​បាន ​ច្រើន​ទម្រង់ ឬ គម្រោង​ជៀសវាង​បែក​កង់​មួយ​នៅ​កង់​មួយ​ទៀត។

៩) មាន​គំនិត​សុញ​ច្រើន​ គ្មាន​ការ​ប្ដេជ្ញា​ចិត្ត
​តើ​អ្នក​ធ្លាប់​និយាយ​ពាក្យ​ថា« ខ្ញុំ​រក​លុយ​មិន​បាន​ច្រើន​សោះ! ទំនិញ​សុទ្ធតែ​ឡើង​ថ្លៃ ហើយ​មិន​អាច​ដោះ​បំណុល​គេ​បាន​ទៀត»។ ទាំង​នេះគឺ​​ជា​គំនិត​​សុញ​មួយ​​ដែល​ធ្វើ​ឲ្យ​លោក​អ្នក​ពិបាក​ប្រាស់​ខ្លួន​ ចេញ​ពី​ភាព​ក្រីក្រ​បាន។ ឈប់​ត្អូញត្អែរ និង ឈប់​យកលេស​សម្រាប់​ខ្លួន​ឯង ហើយ​​​ចាប់ផ្តើម​ប្ដេជ្ញា​ចិត្ត​ដើម្បី​បុព្វហេតុ​​ជីវិត​ឡើង​វិញ​ប្រកប​ដោយ ​ទំនួលខុសត្រូវ​ និង​ការ​ផ្លាស់ប្ដូរ​​មួយ​ឈាន​ទៅ​រក​ភាព​ជោគជ័យ៕

ដកស្រង់ពី Thebnews

ហេតុផល ​១០យ៉ាង​​ដែល​នាំ​ឱ្យ​អាជីវកម្ម​​ថ្មីថ្មោង​ឆាប់​ដួល​រលំ​ទៅ​វិញ

ប្រិយមិត្ត​ពិត​ជា​ធ្លាប់​ឃើញ​ក្រុមហ៊ុន​មួយ​ចំនួន​ បាន​បើក​អាជីវកម្ម​​មិនទាន់​បាន​ប៉ុន្មាន​ខែ​ផង ស្រាប់​តែ​ដួល​រលំ​​ទៅវិញ​ទាំង​មិន​ដឹង​មូលហេតុ។ នេះ​​ច្បាស់​​ថា​មាន​ ​ករណី​ជា​ច្រើន​​នៅ​ពីក្រោយ​ភាព​បរាជ័យ​នេះ ដែល​តម្រូវ​ឲ្យ​សហគ្រិន​​ទូទៅ ​ត្រូវ​សិក្សា​ស្វែង​យល់​ឲ្យ​បាន​ច្បាស់​មុន​​ និងអំឡុង​ពេល​បើក​អាជីវកម្ម​តំបូង​របស់​ខ្លួន។ ខាងក្រោម​នេះ គឺ​ជា​មូលហេតុ​សំខាន់​ៗ​ដែល​​គេ​រក​ឃើញ​ថា ជា​បុព្វហេតុ​នាំ​ឲ្យ​អាជីវកម្ម​ក្មេង​ខ្ចី​​ដួល​រលំ៖​

១) គ្មាន​គម្រោង​អាជីវកម្ម​​​
បើ​សិន​ជា​អ្នក​មិនដឹង​ថា អ្នក​ទៅ​ទីណា​ តើ​អ្នក​អាច​​ទៅ​ដល់​គោលដៅ​របស់​អ្នក​ដូចម្តេច​ទៅ? មាន​​​អាជីវករ​ និង​សហគ្រិន​មិន​​មិន​តិច​​ឡើយ​ដែល​បាន​​បើក​អាជីវកម្ម​របស់​​ខ្លួន​ដោយ​មិន ​បាន​សរសេរ​គម្រោង​ច្បាស់លាស់។ អាជីវករ​ទាំង​នោះ​បាន​ចាប់​ផ្តើម​បើក​ទ្វារ​របស់​ខ្លួន​ដោយ​​រំពឹង​​ទទួល​ បាន​ជោគជ័យ​មកវិញ​ ដែល​​នេះ​​ជា​ការ​​យល់​ខុស​ទាំងស្រុង។ សូម​ចាប់​ផ្តើម​ចំណាយ​ពេលវេលា​​ណា​មួយ​របស់​អ្នក​សរសេរ​គម្រោង​​ឡើង​វិញ​ ហើយ​ពិនិត្យ​វា​ឱ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ។

២) ប្រាក់​បំរុង​ទុក​មិន​​គ្រប់គ្រាន់
អាជីវកម្ម​ក្មេងខ្ចី​​មួយ​ចំនួន​​បើក​ដំណើរការ​មិនទាន់​បាន​​ប៉ុន្មាន​ខែ​ផង ​ស្រាប់តែ​អស់​លុយ​ដំណើរការ​ទៅ​មុខ​លែង​រួច។​ នេះ​ក៏​ដោយសារ​តែ​អាជីវករ​ ឬ​សហគ្រិន​​ទាំង​នោះ​មិន​មាន​ទុន​បម្រុង​ទុក​ជា​មុន​សម្រាប់​រយៈ​ពេល ​២ ឬ៣​​ខែ​ដំបូង ឬ​មួយ​ឆ្នាំ​ដំបូង។​ អ្នក​ត្រូវ​ចាំ​ថា អ្នក​ត្រូវ​ការ​លុយ​ឲ្យ​គ្រប់​ចំនួន​ដែល​ចាំបាច់​សម្រាប់​បើក​អាជីវកម្ម ដូច​ជា ទុន​​សម្រាប់​ទុក​​​​រក្សា​ស្ថិរភាព​អាជីវកម្ម​ក្នុង​រយៈ​ពេល​ ២ ឬ ៣​ខែ​ដំបូង​​ និង​​ការ​សរសេរ​គម្រោង​​ច្បាស់លាស់​​នឹង​ជួយ​បង្ហាញ​ទិសដៅ​អ្នក​ថា តើ​គូរ​ចំណាយ​លុយ​ទៅ​លើ​អ្វី​ខ្លះ​ឲ្យ​មាន​ប្រសិទ្ធភាព?​​​​

៣) ខ្វះ​ការ​អនុវត្ត​លើ​គោលដៅ​អាជីវកម្ម​
អាជីវករ​ ឬ​​សហគ្រិន​ភាគច្រើន​​សរសេរ​គម្រោង​ឡើង​ដើម្បី​ទទួល​បាន​ប្រាក់​កម្ចី​មួយ​ ពី​ធនាគារ។ នៅ​ពេល​ទទួល​បាន​ដើមទុន​នេះ​រួចហើយ គម្រោង​អាជីវកម្ម​នោះ​​គ្រាន់តែ​ស្ថិត​នៅ​លើ​ក្រដាស​តែ​ប៉ុណ្ណោះ។ នេះ​ជា​ហានិភ័យ​ដ៏​ធ្ងន់ធ្ងរ​មួយ​ក្នុង​កិច្ចការ​អាជីវកម្ម។ នៅ​ក្នុង​គម្រោង​អាជីវកម្ម​ អ្នក​ត្រូវ​សរសេរ​គោលដៅ និង កម្មវត្ថុ​​ក្នុង​រយៈ​ពេល​ ១​ឆ្នាំ​ដំបូង។ ក្នុង​គម្រោង​អាជីវកម្ម​របស់​អ្នក​ត្រូវ​កំណត់​ពី​អ្វី​ដែល​ត្រូវ​ធ្វើ​នៅ​ ត្រីមាស​នីមួយ​ៗ​ឲ្យ​បាន​ច្បាស់​លាស់​​ត្រូវ​ច្បាស់​ថា​​ក្រុមហ៊ុន​ ថ្មីថ្មោង​បាន​ដើរ​នៅ​លើ​ផែនទី​មួយ​ដែល​បាន​គូសវាស​ផ្លូវ​ច្បាស់​លាស់​​ទើប​ ប្រសើរ។

៤) បរាជ័យ​វាយតម្លៃ​លើ​គោលដៅ និង ​គោលបំណង​អាជីវកម្ម (Goal and Objective)​​
នេះ​ជា​ចំណុច​បរាជ័យ​មួយ​ទៀត​ដែល​សហគ្រិន​ក្មេង​ខ្ចី​បាន​​អនុវត្ត​តាម​ គម្រោង​​​អាជីវកម្ម​របស់​ខ្លួន​ហើយ​​ ប៉ុន្តែ​បាន​ថ្លោះធ្លោយ​ក្នុង​ការ​ស្ទាបស្ទង់ និង វាយ​តម្លៃ​លើ​​ដំណើរ​ការ​អាជីវកម្ម​របស់​ខ្លួន​នៅ​ពេល​កន្លង​មក។ ដូច្នេះ​ វា​ជា​ការ​ប្រសើរ​ដែល​អ្នក​បាន​ដំណើរ​ការ​អាជីវកម្ម​​តាម​គម្រោង​របស់​ខ្លួន តែ​អ្នក​ត្រូវ​វាយ​តម្លៃ​ថា ​អាជីវកម្ម​​​នោះ​បាន​ដំណើរ​ការ​ល្អ​​​​​ដល់​កម្រិត​ណា​ហើយ?​​​

៥) មិន​យក​ចិត្ត​ទុកដាក់​លើ​លំហូរ​សាច់ប្រាក់ (Cash Flow)​
ពាក្យ​មួយ​ឃ្លា​នៅ​ក្នុង​អាជីវកម្ម​​គឺ «លុយ​គឺ​ជា​ស្តេច»។ ចំណាយ​ច្រើន​ជាង​ចំណូល​ មិន​យូរ​មិន​ឆាប់​អាជីវកម្ម​របស់​អ្នក​នឹង​ធ្លាក់​ទឹក​ជា​មិន​ខាន។ វា​ជា​រឿង​សំខាន់​បំផុត​​ដែល​​​សហគ្រិន​ត្រូវ​ត្រួតពិនិត្យ​​លើ​លំហូរ​ សាច់ប្រាក់​ដែល​ត្រូវ​ទូទាត់ ឬ ចំណាយ​​ ព្រម​ទាំង​ចំណូល​ដែល​ទទួល​បាន​ពី​​អាជីវកម្ម​នោះ។​ វា​ជា​រឿង​ធម្មតា​ដែល​​អាជីវករ​ ឬ​សហគ្រិន​ចំណាយ​ប្រាក់​ច្រើន​ក្នុង​ពេល​ចាប់​ផ្តើម​ដំណើរការ​ដំបូង តែ​ស្ថានភាព​នេះ​នឹង​ល្អ​ប្រសើរ​ឡើង​បន្តិចម្តងៗ​នៅ​ពេល​ខាងមុខ។

៦) ​ស្វែង​យល់​​មិន​គ្រប់គ្រាន់​​ពី​​​ទីផ្សារ​​​
​សហគ្រិន​មួយ​ចំនួន​​ហ៊ាន​បើក​អាជីវកម្ម​ទាំង​​ខ្លួន​មិន​បាន​ស្វែង​យល់​ គ្រប់​ជ្រុងជ្រោយ​លើ​ទីផ្សារ ​​ពី​តម្រូវ​ការ​អតិថិជន និង​​ការ​វិវឌ្ឈ​​នានា​នៅ​ក្នុង​សង្គម។ ​ម្ចាស់​អាជីវកម្ម​ត្រូវ​ដឹង​ថា ទីផ្សារ​អាជីវកម្ម​របស់​ខ្លួន​នេះ​កំពុង​មាន​សន្ទុះ​ទៅ​មុខ ឬ ធ្លាក់​ចុះ? តើ​​នេះ​ជា​ឱកាស​ដែល​ត្រូវ​បើក​អាជីវកម្ម​នេះ​ដែរ​ឬទេ? តើ​មាន​ការ​ប្រកួតប្រជែង​ដែរ​ឬ​ទេ? នេះ​ជា​សំណួរ​មួយចំនួន​ក្នុង​ចំណោម​សំនួរ​ជា​ច្រើន​ទៀត​ដែល​អាជីវករ​ត្រូវ​ សួរ​ខ្លួន​ឯង​ឲ្យ​បាន​ច្បាស់​មុន​ពេល​បើក​អាជីវកម្ម​របស់​ខ្លួន។

៧) ​មាន​ដៃគូ​ប្រកួត​ប្រជែង​លើ​អាជីវកម្ម​តែ​មួយ​
អាជីវកម្ម​​ជា​ច្រើន​​បាន​​ដួល​រលំ​ដោយ​សារ​មាន​ដៃគូ​ប្រជែង​​លើ​អាជីវកម្ម​ តែ​មួយ​ដូចគ្នា។ ការ​មិន​រក​ឲ្យ​ឃើញ​ពី​ភាព​ខុសគ្នា​នៃ​សេវាកម្ម តម្លៃ គុណភាព​នៃ​ផលិត​​ក្នុង​អាជីវកម្ម​​ ​នឹង​ធ្វើ​ឲ្យ​អ្នក​បរាជ័យ នឹង​កាន់តែ​អាក្រក់​ទៅ​ទៀត​ប្រសិន​បើ​ដៃគូ​ប្រជែង​នោះ​មាន​បទពិសោធន៍​ច្រើន​ ឆ្នាំ។ គន្លឹះ​ដ៏​ល្អ អ្នក​ត្រូវ​​ធ្វើ​ឲ្យ​​សេវាកម្ម ឬ ផលិតផល​របស់​អ្នក​​​មាន​ចំណុច​ពិសេស​ជា​ច្រើន​ខុស​ពី​ដៃគូ​ប្រជែង​របស់​អ្នក ​។​​​​​​​​

៨)​ ខ្សោយ​ខាង​ម៉ាឃីដធីញ ឬ ទីផ្សារ​ (Marketing)

កុំ​រំពឹង​ពេក​ថា បើក​ទ្វារ​ភ្លាម​​អតិថិជន​មក​រក​អ្នក​ភ្លាមៗ​នោះ​ឡើយ​។ ការ​ទុក​ឲ្យ​អាជីវកម្ម​របស់​នៅ​​​ងាប់​មួយ​កន្លែង​ដោយ​គ្មាន​អ្នក​ណា​​​ដឹង​ វា​មិន​ខុស​អី​ពី​​កាប់​បំពង់​​​រង់ចាំ​ទឹក​ភ្លៀង​​នោះ​ឡើយ។ ប្រការ​នេះ ​​ភាព​ជា​អាជីវករ​​​ ឬ​សហគ្រិន​​ជំនាញ​ អ្នក​ត្រូវ​​មាន​យុទ្ធសាស្ត្រ​ និង​គម្រោង​​ទីផ្សារ​​ខ្ពស់​(១) ធ្វើ​ការ​ផ្សព្វផ្សាយ​ពី​សេវាកម្ម ឬ ផលិតផល​អាជីវកម្ម​របស់​អ្នក​ទៅ​កាន់​អតិថិជន និង (២) ពន្យល់​ពី​អត្ថប្រយោជន៍​​របស់​អតិថិជន​​ពី​អាជីវកម្ម​របស់​អ្នក។

៩) មិន​​កំណត់​តម្លៃ​ប្រកួតប្រជែង
​​​ពាណិជ្ជករ​មួយ​ចំនួន​មិន​បាន​ទទួល​ ឬ ស្វែង​យល់​ព័ត៌មាន​គ្រប់គ្រាន់​ពី​តម្លៃ​​​នៃ (១) ការ​ចំណាយ​លើ​​​ការ​ផលិត​សេវាកម្ម ឬ ផលិតផល និង (២) តម្លៃ​​​លក់​សេវាកម្ម ឬ តម្លៃ​លក់​ផលិតផល​របស់​ដៃគូ​ប្រកួតប្រជែង។ ករណី​នេះ​ ​សហគ្រិន​ត្រូវ​តែ​​រក​​ឱ្យ​ឃើញ​ថា ដៃគូ​​ប្រកួតប្រជែង​របស់​អ្នក​ បាន​ចំណាយ​លើ​ការ​ផលិត​តិចតួច​ជាង​អ្នក ​ខណៈ​ដែល​អាជីវកម្ម​របស់​អ្នក​ចំណាយ​​ផលិត​ច្រើន តែ​លក់​ក្នុង​តម្លៃ​ដូចគ្នា។ នេះ​នឹង​ធ្វើ​ឲ្យ​​អ្នក​ចាញ់​ប្រៀប​ដៃគូ​របស់​អ្នក ដែល​ទាមទារ​ឲ្យ​​មាន​ការ​សិក្សា​ជា​បន្ទាន់។​​​

១០) ខ្វះ​ជំនាញ​គ្រប់គ្រង​ធនធាន​មនុស្ស

កង្វះ​ជំនាញ​គ្រប់គ្រង​ធនធាន​មនុស្ស​ទៅ​លើ​បុគ្គលិក​​នៅ​ក្នុង​ក្រុមហ៊ុន​​ នឹង​ធ្វើ​ឲ្យ​​​អាជីវកម្ម​​​​​របស់​អ្នក​បរាជ័យ។ ​ប្រសិន​បើ​​បុគ្គលិក​នៅ​ក្នុង​ក្រុមហ៊ុន​មួយ​ ត្រូវ​បាន​គ្រប់គ្រង​ដោយ​មិន​ស្មើភាព​​ និង​ការ​គោរព​គ្នា​ទេ​នោះ​ទេ​ បរិស្ថាន​ការងារ​ក៏​មិន​អាច​ដើរ​រលូន​ទៅ​បាន​ដែរ។ ប្រការ​ដែល​ល្អ​ត្រូវ​ជំរុញ​ពួកគេ​ស្វែង​យល់​ពី​​គុណភាព​ការងារ និង​តម្លៃ​នៃ​​​​ទំនាក់ទំនង​ជា​មួយ​បុគ្គលិក​ផ្សេង​ៗ​ទៀត​ដោយ​ទំនួល​ ខុសត្រូវ​នៅ​ក្នុង​ក្រុមហ៊ុន​ ទើប​ធ្វើ​ឲ្យ​អាជីវកម្ម​របស់​អ្នក​ទទួល​បាន​​ជោគជ័យ៕

ដកស្រង់ពី ៖​ thebnews