តើ​កម្មសិទ្ធិសាធារណះ សំដៅ​លើ​អ្វីខ្លះ? ហើយ​បែងចែក​ជា​ប៉ុន្មាន​ប្រភេទ?

សំណួរ ៖ តើ​កម្មសិទ្ធិសាធារណះ សំដៅ​លើ​អ្វីខ្លះ? ហើយ​បែងចែក​ជា​ប៉ុន្មាន​ប្រភេទ?
ចម្លើុយ ៖ កម្មសិទ្ធិសាធារណះ គឺសំដៅទៅលើទ្រព្យសម្បត្តិទាំងឡាយណាដែលជារបស់រដ្ឋហើយស្ថិតនៅការគ្រប់គ្រង ចាត់ចែងរបស់រដ្ឋ និងនីតិបុគ្គលសាធារណះផ្សេងៗដូចជា ក្រសួង មន្ទីរ ខេត្ត ក្រុង មន្ទីរពេទ្យ សាលារៀន ។ល។

កម្មសិទ្ធិសាធារណះមាន ២ប្រភេទគឺ៖ កម្មសិទ្ធិសាធារណះរបស់រដ្ឋ និង កម្មសិទ្ធិឯកជនរបស់រដ្ឋ។

តើការប្រកាន់ធម៌អធ្យាស្រ័យ និងធម៌សណ្តោសផ្ដល់ប្រយោជន៍អ្វី​ខ្លះ?

សំណួរ ៖ តើការប្រកាន់ធម៌អធ្យាស្រ័យ និងធម៌សណ្តោសផ្ដល់ប្រយោជន៍អ្វី​ខ្លះ?
ចម្លើយ ៖ ការប្រកាន់ធម៌អធ្យាស្រ័យ និងធម៌សណ្តោសផ្ដល់ប្រយោជន៍ដូចជា៖

  • ធ្វើឲ្យ​យើងមានសេចក្ដីស្ងប់នៅក្នុងចិត្ត 
  • មិនមួម៉ៅ ក្ដៅក្រហាយ 
  • ធ្វើឲ្យ​អ្នកដទៃមានទំនាក់ទំនងល្អជាមួយខ្លួន 
  • ចេះគោរពសិទ្ធិអ្នកដទៃ 
  • គ្មានអំពើហិង្សា ការកាប់ចាក់ 
  • មានសេចក្ដីសុខដល់មនុស្សគ្រប់រូប 
  • សង្គមមានការរីកចម្រើន និងការអភិវឌ្ឍន៍

តើផ្លាកសញ្ញាចរាចរណ៍មានប៉ុន្មានប្រភេទ?អ្វីខ្លះ?

សំណួរ ៖ តើផ្លាកសញ្ញាចរាចរណ៍មានប៉ុន្មានប្រភេទ?អ្វីខ្លះ?
ចម្លើយ ៖  មាន១០ប្រភេទគឺ ៖

  • សញ្ញាគ្រោះថ្នាក់ 
  • សញ្ញាបំរាម 
  • សញ្ញាបញ្ជា 
  • សញ្ញាប្រាប់សិទ្ធិអាទិភាព 
  • សញ្ញាដាក់បន្ថែមពីក្រោម 
  • សញ្ញាបណ្តោះអាសន្ន 
  • សញ្ញាប្រាប់ដំណឹង 
  • សញ្ញាបង្ហាញទិសដៅ 
  • សញ្ញាប្រាប់ឈ្មោះតំបន់ 
  • សញ្ញាប្រាប់ឈ្មោះផ្លូវ

ចូរបង្ហាញភាពខុសគ្នានៃពាក្យ ឈប់ និង ចត

សំណួរ ៖ ចូរបង្ហាញភាពខុសគ្នានៃពាក្យ ឈប់ និង ចត។ 
ចម្លើយ
- ឈប់ ៖ ជាការនៅស្ងៀមមួយកន្លែងនៃយានជំនិះលើទ្រូងផ្លូវក្នុងរយះពេលចំាបាច់ សំរាប់អោយអ្នកថ្មើរជើងរឺយានជំនិះផ្សេងឆ្លងកាត់រឺដើម្បីដាក់ទំនិញរឺអ្នកដំណើរ។
- ចត ៖ ជាការទុកយានជំនិះនៅស្ងៀមមួយកន្លែងក្នុងពេលឆាប់រឺយូរដែលករណីនេះ អ្នកបើកបរអាចដើរចោលយានជំនិះបាន។

តើកត្តាអ្វីខ្លះដែលនាំអោយ កើតមានគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកញឹកញាប់នៅកម្ពុជា?

សំណួរ ៖ តើកត្តាអ្វីខ្លះដែលនាំអោយកើតមានគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកញឹកញាប់ នៅកម្ពុជា?
ចម្លើយ  គឺមាន
- កត្តាមនុស្ស
- កត្តាផ្លូវ និង
- កត្តាយានយន្ត

តើចំណុចសុវត្ថិភាពយានយន្តមានប៉ុន្មាន?អ្វីខ្លះ?

សំណួរ ៖ តើចំណុចសុវត្ថិភាពយានយន្តមានប៉ុន្មាន?អ្វីខ្លះ?
ចម្លើយ ៖ មាន៤ចំណុចគឺ ៖

  • កង់ 
  • ចង្កូត 
  • ហ្វ្រាំង 
  • ចង្កៀង

ព្រះពុទ្ធបរមគ្រូបានណែនាំអោយមនុស្ស ប្រកាន់ខ្ជាប់នូវ ក្រមប្រតិបត្តិ ១០ ប្រការដើម្បីសេចក្តី សុខចម្រើន និងសន្តិភាពជានិរន្ត ។ តើក្រមទាំង ១០ ប្រការ (ទសពិធរាជធម៌) នោះគឺអ្វីខ្លះ?

១- ទានៈ ការធ្វើអំណោយគឺចេះចែកគ្នារស់
២- សីលៈ កាន់សីលប្រាំខ្ចាប់ខ្ចួន មិនប្រធ្វើអំពើអាក្រក់
៣- ចាគៈ ចេះលះបង់សេចក្តីកំណាញ់ ហើយបរិច្ចាគទ្រព្យសម្បតិ្តកសាងប្រយោជន៍សាធារ ណៈ (គឺមិនអាត្មានិយម)
៤- អាជ្ជវៈ មានចិត្តស្មោះត្រង់ប្រកាន់ សច្ចធម៌ (គឺនិយាយបែបណាធ្វើបែបនោះ)
៥- មទ្ទវៈ ចេះបន្ទន់ឥរិយាបទ និងចិត្តគំនិត (គឺប្រើសំដីពិរោះផ្អែមល្ហែម)
៦- តបៈ ចេះព្យាយាមកំចាត់ចោល នូវសេចក្តីអាក្រក់ចេញពីខ្លួនហើយតំាងខ្ឡួនអោយនៅ ក្នុងអំពើល្អជានិច្ច (គឺរាំងស្កាត់សេចក្តីអាក្រក់)
៧- អក្កោធនៈ មិនសំដែងអាការៈច្រងេងច្រងាងទទឹងទិស (គឹមិនធ្វើអោយគេខឹង)
៨- អវិហឹសាៈ មិនសងសឹកមិនប្រព្រឹត្ត្ បៀតបៀនអ្នកដទៃហ៑ានទទួល ឫឆាប់មើលឃើញ ទោសកំហុសខ្លួន មិនចាប់ទោសកំហុសអ្នកដទៃខុសបែបបទ ។
៩- ខន្តីៈ ចេះអត់ធ្មត់ ចេះអត់ធន
១០- អវិរោធនៈ មិនធ្វើអោយខុសឆ្គង ពីគន្លងច្បាប់ (គឺគោរពប្រតិបត្តិតាមច្បាប់ជានិច្ច) ។

អំណាចគ្រប់គ្រងរដ្ឋមានប៉ុន្មាន? ការបែងចែកអំណាចទាំងនេះដើម្បីអ្វី?

អំណាចគ្រប់គ្រងរដ្ឋមានបី គឺ៖
១- នីតិបញ្ញត្តិ (រដ្ឋសភាតំណាងរាស្រ្ត ១២០ រូប សម្រាប់ធ្វើច្បាប់
២- នីតិប្រតិបត្តិ (គណៈរដ្ឋមន្រ្តី) សម្រាប់អនុវត្តច្បាប់)
៣- អំណាចតុលាការ (អង្គចៅក្រម) សម្រាប់ជុំនុំជម្រះក្តី និងរក្សាយុត្តិធម៌ជូនសង្គម ។ ហើយការបែងចែកអំណាច សម្រាប់គ្រប់គ្រងរដ្ឋបែបនេះដើម្បីអោយមានការទប់ទល់គ្នាទៅវិញទៅ មក ជៀសវាងការប្រើអំណាចដោយរំលោភ។

រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ចូលជាធរមាននៅពេល ដែលព្រះមហាក្សត្រ ទ្រង់ឡាយ ព្រះហស្ថលេខាប្រកាសអោយប្រើជាផ្លូវការ នៅថ្ងៃ ខែ ឆ្នាំណា? តើក្នុងជំពូកនិមួយៗមានចំណងជើង ដូចម្តចខ្លះ?

រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានព្រះមហាក្សត្រឡាយព្រះហស្ថលេខា ប្រកាសអោយ ប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ១៩៩៣ ។ ជំពូកទាំង ១៤ នៃរដ្ឋធម្មនុញ្ញមានដូចតទៅៈ

  • ជំពូក ១. អំពីអធិបតេយ្យ 
  • ជំពូក ២. អំពីព្រះមហាក្សត្រ 
  • ជំពូក ៣. អំពីសិទ្ធិ និង ករណីយ៍កិច្ចរបស់ប្រជាពលរដ្ឋខ្មែរ 
  • ជំពូក ៤. អំពីរបបនយោបាយ 
  • ជំពូក ៥. អំពីសេដ្ឋកិច្ច 
  • ជំពូក ៦. អំពីអប់រំ វប្បធម៌ និងសង្គម 
  • ជំពូក ៧. អំពីរដ្ឋសភា 
  • ជំពូក ៨. អំពីរាជរដ្ឋាភិបាល 
  • ជំពូក ៩. អំពីអំណាចតុលាការ 
  • ជំពូក ១០. អំពីក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ 
  • ជំពូក ១១. អំពីការគ្រប់គ្រងរដ្ឋបាល 
  • ជំពូក ១២. អំពីសមាជជាតិ 
  • ជំពូក ១៣. អំពីអនុភាព និងការសើរើ 
  • ជំពូក ១៤. អំពីអន្តរបញ្ញតិ្ត ។ 

តើរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា មានប៉ុន្មានជំពូក? ប៉ុន្មានមាត្រា? ប៉ុន្មានឧបសម្ព័ន្ធ? ហើយនៅក្នុងឧបសម្ព័ន្ធទាំងនោះចែងពីអ្វីខ្លះ?

នៅក្នុងរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជាមាន ៖

  • ១៤ ជំពូក 
  • ១៣៩ មាត្រា 
  • ៦ ឧបសម្ព័ន្ធ 
ឧបសម្ព័ន្ធទាំង ៦ មាន ៖
ក. ឧបសម្ព័នមួយចែងអំពី ” ទង់ជាតិ”
ខ. ឧបសម្ព័នពីរចែងអំពី ” ភ្លេងជាតិ” (បទនគររាជ)
គ. ឧបសម្ព័ន្ធបីចែងអំពី ” សញ្ញាជាតិ” (ព្រះសង្ហា)
ឃ. ឧបសម្ព័ន្ធបួនចែងអំពី ” សច្ចាប្រណិធាននៃព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា”
ង. ឧបសម្ព័ន្ធប្រាំចែងអំពីនសច្ចាប្រណិធាននៃប្រធាន អនុប្រធាន និងសមាជិកនៃរដ្ឋសភា នៃព្រះ រាជាណាចក្រកម្ពុជា នៅចំពោះព្រះភ័ក្រ្តព្រះមហាក្សត្រ ព្រះភ័ក្រ្តនៃសម្តេចសង្ឃរាជ និងទេព្តា រក្សាស្វេតច្ឆត្រ
ច. សច្ចាប្រណិធាន នៃនាយករដ្ឋមន្រ្តី និងសមាជិករដ្ឋាភិបាល នៅចំពោះមុខព្រះភ័ក្រ ព្រះមហាក្សត្រ ព្រះភ័ក្រ្តសម្តេចព្រះសង្ឃរាជ និងទេព្តារក្សាស្វេតច្ឆត្រ។

ច្បាប់ជាអ្វី? សិទ្ធិជាអ្វី? ព្រំដែនរវាងសិទ្ធិ និងច្បាប់នៅត្រង់ណា?

ច្បាប់ ៖ គឺជានិយមកតព្វកិច្ច ចំាបាច់បំផុតរបស់មនុស្សសំរាប់ការពារសិទ្ធិ និងសេរីភាពដែលធម្ម ជាតិបានសំអិតសំអាងឡើង ដើម្បីជីវិតរស់នៅនៃសត្វលោកទូទៅ។

សិទ្ធិ ៖ តាមលោកកង់បានអោយនិយមន័យថា គឺជាលក្ខខ័ណ្ឌទាំងអស់ដែលអនុញ្ញាត្តអោយ សេរីភាពនៃជនម្នាក់ៗ ស្របជាមួយនឹងសេរីភាពនៃជនទាំងអស់ ។

ព្រំដែនរវាងសិទ្ធិ និងច្បាប់នៅត្រង់អ្វីដែលមិនបានចែងនៅក្នុងច្បាប់ គឺស្ថិតនៅក្នុងសិទ្ធិ  ព្រំដែននៃសិទ្ធិគឺច្បាប់ ព្រំដែននៃច្បាប់គឺសិទ្ធិ ។

ដូចម្តេចដែលហៅថារដ្ឋ? ជាតិ? មាតុភូមិ?

រដ្ឋ ៖ មានន័យថាសហគមន៍របស់មនុស្ស ដែលមានច្បាប់មូលដ្ឋាន ហើយច្បាប់ដែលធំជាងគេ គឺរដ្ឋធម្មនុញ្ញ ។ សមាជិករបស់រដ្ឋ គេហៅថាពលរដ្ឋ ។ ពលរដ្ឋទាំងឡាយមិនត្រឹមតែគោរពច្បាប់ទេ គឺត្រូវនាំគ្នាជួយស្ថាបនាច្បាប់ថែមទៀត នៅក្នុងន័យនេះ ពាក្យរដ្ឋសំដៅទៅលើអាជ្ញាធរនយោបាយតែម្តង ។ ដែលមានបណ្តុំរវាងអង្គការបីៈ

  1. នីតិបញ្ញត្តិ 
  2. នីតិប្រតិបត្តិ 
  3. តុលាការ 
ជាតិ ៖ មានន័យថាសហគមន៍របស់មនុស្សដែលមានសញ្ជាតិដូចគ្នា។ ជាតិពុំមែនរដ្ឋទេពីព្រោះ ជាតិនិមួយៗ អាចប្តូររដ្ឋបានតាមចិត្តរបស់គេ ហើយរដ្ឋគ្រាន់តែជាច្បាប់គ្រប់គ្រងជាតិតែប៉ុណ្ណោះ ។

មាតុភូមិ ៖ ពាក្យថាមាតុភូមិគ្មានអ្វីក្រៅពីពាក្យជាតិទេ ប៉ុន្តែពាក្យមាតុភូមិមានន័យថាជាតិដែល ជាទីស្រឡាញ់។ ដូច្នេះមាតុភូមិគឺជាសហគមន៍ ដែលនាំគ្នាស្រឡាញ់ក្នុងផ្លូវមនោសញ្ចតនា ។

តើសង្គមធម៌ជាអ្វី?

គេអាចឲ្យនិយមន័យសង្គមធម៌ប្លែកៗដូចខាងក្រោម ៖
សង្គមធម៌ > សង្គម + ធម៌ ពាក្យសង្គម សំដៅយកធម្មជាតិមនុស្សរស់នៅរួមគ្នា មានទីលំនៅ មានមុខរបររកស៊ី មានរបៀបបែបបទរស់នៅទាក់ទងគ្នាក្នុងស្រុក ដែលជារដ្ឋ ។ ឯពាក្យសង្គមធម៌ សំគាល់ធម៌ទាំងឡាយណាដែលជាធាតុវិធី របៀបរៀបចំសង្គមមនុស្សឲ្យមានសភាពទំរង់ និង លក្ខណៈចំរើន លូតលាស់។ បានន័យថា រៀបចំសង្គមឲ្យរស់នៅបានស្រួលប្រកបដោយគ្រឿងសម្ភារៈ គ្រប់គ្រាន់ និងមានសភាពល្អប្រសើរ ។ ម្យ៉ាងទៀតគេអាចនិយាយបានថា សង្គមធម៌សង្គត់ទៅលើទ្រឹស្តីរបស់សង្គម និងការរៀបចំសង្គមឲ្យមានទំនាក់ទំនងទៅវិញទៅមក តាំងពីវិស័យសេដ្ឋកិច្ច នយោបាយ សង្គមកិច្ច ជីវភាពទូទៅនិងសន្តិសុខជាដើម ។

បុព្វបុរស​​ខ្មែរ​តែង​​ប្រៀនប្រដៅ​យើង​ឱ្យ​ចាប់​អារម្មណ៍​លើ​គុណ​ ៦ យ៉ាង គឺ​គុណ​អ្វី​ខ្លះ?

បុព្វបុរសខ្មែរ​​តែង​​ប្រៀនប្រដៅ​យើង​ឱ្យ​ចាប់​អារម្មណ៍​លើ​គុណ​ ៦ យ៉ាងគឺ ៖

  1. គុណ​ឪពុក​ រួម​មាន​ឪពុក​បង្កើត​ ឪពុក​ក្មេក ឪពុក​ចិញ្ចឹម អាណាព្យាបាលប្រុស ។ 
  2. គុណម្ដាយ រួមមាន​ម្ដាយ​បង្កើត ម្ដាយ​ក្មេក​ ម្ដាយ​ចិញ្ចឹម អាណា​ព្យាបាល​ស្រី ។ 
  3. ­­គុណ​បង គុណ​ព្រះមហាក្សត្រ គុណ​អ្នក​ដឹកនាំ ដែល​ឃុំគ្រង​រក្សា​យើង ។ 
  4. គុណគ្រូ​បាធ្យាយ ដែលបាន​ផ្ដល់​ចំណេះដឹង​សព្វ​សារពើ​ស្រប​តាម​គតិ​បណ្ឌិត​របស់​យើង ។ 
  5. គុណ​ញាតិមិត្រ ជាអ្នក​ជិត​ឆ្ងាយ​ ភូមិ​ផង​របងជាមួយដែល​ធ្លាប់​ជួយ​យើង​ក្នុង​គ្រា​មាន​អាសន្នអន់​ក្រ​ ។
  6. គុណ​ព្រះរតនត្រ័យ ដែល​បាន​ផ្ដល់​នូវ​ការ​អប់ំ​បន្ទុំ​ចិត្តឱ្យ​យើង​បាន​ជា​មនុស្ស​ប្រសើរ ។

តើ​ពណ៌សំលៀកបំពាក់ទាំង៧ថ្ងៃក្នុងមួយសប្តាហ៍ មាន​ពណ៌​អ្វីខ្លះ?

សំណួរ៖ តើ​ពណ៌សំលៀកបំពាក់ទាំង៧ថ្ងៃក្នុងមួយសប្តាហ៍ មាន​ពណ៌​អ្វីខ្លះ?
ចម្លើយ៖
១. ថ្ងៃអាទិត្យ៖ ពណ៌ក្រហម
២. ថ្ងៃច័ន្ទ៖ ពណ៌លឿងទុំ
៣. ថ្ងៃអង្គារ៖ ពណ៌ស្វាយ
៤. ថ្ងៃពុធ៖ ពណ៌ស៊ីលៀប
៥. ថ្ងៃព្រហស្បតិ៍៖ ពណ៌បៃតង ត្រួយចេកខ្ចី
៦. ថ្ងៃសុក្រ៖ ពណ៌ខៀវ
៧. ថ្ងៃសៅរ៍៖ ពណ៌​គ្រាប់អំពិល

អ្វីទៅជា កត្តា​ដែល​ធ្វើ​ឲ្យ​អរិយធម៌​អង្គរ​រុង​រឿង?

សំណួរ៖ អ្វី​ទៅ​ជា កត្តា​ដែល​ធ្វើ​ឲ្យ​អរិយធម៌​អង្គរ​រុង​រឿង?
ចម្លើយ៖
កត្តា​ចំបងៗ​ដែល​ធ្វើ​ឲ្យ​អរិយធម៌​អង្គរ​រុង​រឿង​រួម​មាន៖
កត្តា​មនុស្ស ឬ​ពលកម្ម​មនុស្ស​
- ព្រះ​រាជា​ព្រះ​អង្គ​ដឹកនាំ​និង​បញ្ជា​ផ្ទាល់
- មេ​ដឹកនាំ​និង​អ្នក​ក្រោម​បង្គាប់​មាន​សាមគ្គីភាព ឯកភាព និង​មាន​ឧត្តមគតិ​ជាតិ
- មាន​ប្រជាធិបតេយ្យ​ក្នុង​ការ​ដឹក​នាំ​និង​គ្រប់​គ្រង
- មាន​ទំនុក​ចិត្ត​លើ​អ្នក​ដឹកនាំ
- មាន​គំនិត​ច្នៃ​ប្រឌិត​ មាន​ការ​​សាក​ល្បង​​ដក​ពិសោធន៍
- គោរព​លទ្ធិ​ទេវរាជ ពុទ្ធ​រាជ
កត្តា​ភូមិសាស្ត្រ 
- ដី​មាន​ជី​ជាតិ​​ សំបូរ​សម្បត្តិ​ធម្មជាតិ ត្រី​សាច់ ព្រៃ​ឈើ​ សត្វ​ សំបូរ​បែប ផ្លូវ​គមនាគមន៍​ជើង​ទឹក​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​ការ​ធ្វើ​ពាណិជ្ជកម្ម
កត្តា​ប្រវត្តិ​សាស្ត្រ 
- កម្ពុជា​គឺ​ជា​មហានគរ ជា​មហា​អំណាច​មាន​ទឹក​ដី​លាត​សន្ធឹង​គ្រប​ដណ្តប់​មួយ​ភាគ​ធំ​នៃ​អាស៊ី​អាគ្នេយ៍
- អាណាចក្រ​ខ្មែរ​មាន​អំណាច​ និង​ឥទ្ធិពល​ជា​ប្រទេស​ចក្រភព​មួយ មាន​ប្រទេស​មួយ​ចំនួន​នាំ​ សួយសារអាករ​ មក​ថ្វាយ​ស្តេច​ក្រុង​កម្ពុជា
សរុប​មក​កត្តា​មនុស្ស​និង​ពលកម្ម​មនុស្ស​ ជា​កត្តា​ចំបង​ធ្វើ​ឲ្យ​អរិយធម៌​អង្គរ​រុង​រឿង។

ចូរ​ឲ្យ​និយមន័យ នៃពាក្យ វប្បធម៌ អរិយធម៌ខ្មែរ?

សំណួរ៖ ចូរ​ឲ្យ​និយមន័យ នៃ​ពាក្យ វប្បធម៌ អរិយធម៌​ខ្មែរ?

ចម្លើយ៖
១. និយមន័យ​ទូទៅ​នៃ​អរិយធម៌​​៖​​​​​​​​​​​​​​ អរិយធម៌​​ គេ​អាច​ឲ្យ​និយមន័យ​អរិយធម៌​ប្លែកៗ ន័យ តាម​សព្ទ គឺ​អរិយធម៌ មក​ពី​ពាក្យ ​ អរិយ+​​ ​​​​​​​ធម៌ ដូចនេះ អរិយធម៌ គឺ​ជា​ធម៌​ទាំងឡាយ​​ណា​ដែល​​ជា​​សភាព និង​តំលៃ​នៃ​ការ​លូតលាស់ រីក​ចម្រើន ខ្ពង់ខ្ពស់ ថ្លៃថ្នូរ​ក្នុង​ការ​រស់នៅ​របស់​មនុស្ស​ក្នុង​សង្គម ដែល​ប្រកប​ទៅ​ដោយ​របៀប​រៀប​រយ​មាន​គ្រឿង​សំភារៈ​ប្រើប្រាស់ គ្រប់​គ្រាន់​មាន​ជំនឿ ចំណេះដឹង គ្រប់​បែប​យ៉ាង​ដើម្បី​ស្វែងរក​​ នូវ​សេចក្ដីសុខ ។

តើវប្បធម៌ខ្មែរមានប្រភពពីឥទ្ធិពលណាខ្លះ?

សំណួរ៖ តើវប្បធម៌ខ្មែរមានប្រភពពីឥទ្ធិពលណាខ្លះ?

ចម្លើយ៖ 
វប្បធម៌ខ្មែរមានប្រភពពីឥទ្ធិពលមួយចំនួនដូចជា ៖
  1. មរតក (របបមាតាធិបតេយ្យ ជំនឿលើព្រលឹង អារក្សអ្នកតា ភាសាទំនៀមទម្លាប់ប្រពៃណី)។ 
  2. បរទេស មាន ៖ 
  • ឥណ្ឌា (ស-តទី១) (រាជាធិបតេយ្យសាសនា ភាសាអក្សរសិល្ប៍)។ 
  • ចិន (ស-តទី៣) (ជំនួញ ល្បាយសាសន៍ ល្ខោនពាក្យនិយាយ)។ 
  • ចាម; ជ្វា (ស-តទី៥)(ស្ថាបត្យកម្ម សិល្បៈ)។ 
  • ថៃ; យួន (ស-តទី១៣) (ពាក្យសម្តី ម្ហូបអាហារ សម្ភារៈ)។ 
  • អឺរ៉ុប (ស-តទី១៦) (វិទ្យាសាស្ត្រ រដ្ឋាបាល ការគ្រប់គ្រង ទម្លាប់)។

តើគ្រូបង្រៀនត្រូវអនុវត្តសិទ្ធិសេរីភាពដូចម្តេចខ្លះក្នុងមុខរបរ គ្រួសារនិងសង្គមជាតិ ?

សំណួរ៖ តើគ្រូបង្រៀនត្រូវអនុវត្តសិទ្ធិសេរីភាពដូចម្តេចខ្លះក្នុងមុខរបរ គ្រួសារនិងសង្គមជាតិ ?

ចម្លើយ៖ 
គ្រូបង្រៀនត្រូវអនុវត្តសិទ្ធិសេរីភាពក្នុង៖
  • មុខរបរ ៖ គោរពច្បាប់ គោរពពេលវេលា គោរពការចាត់តាំងរបស់អង្គភាព; បំពេញភារកិច្ចឲ្យាបាន ល្អ គោរពបុគ្គលិកលក្ខណៈ សិស្សទុកសេរីភាពឲ្យសិស្សបញ្ចេញមតិយោបល់។ 
  • គ្រួសារ៖ មិនផ្តាច់ការ មិនប្រើអំពើហិង្សា ជួយទំនុកបម្រុង គ្រួសារគំរូ គោរពសេរីភាពប្រពន្ធកូន ។ 
  • សង្គម ៖ គោរពច្បាប់ធ្វើអ្វីជាប្រយោជន៍រួម បំពេញភារកិច្ចជាពលរដ្ឋល្អ ។

ចូរបង្ហាញពីសមិទ្ធិផលលទ្ធកម្ម នៃអ្នកវិទ្យាសាស្ត្រនិយម និងអ្នកសីលធម៌និយម?

សំណួរ៖ ចូរបង្ហាញពីសមិទ្ធិផលលទ្ធកម្ម នៃអ្នកវិទ្យាសាស្ត្រនិយម និងអ្នកសីលធម៌និយម?

ចម្លើយ៖ 
សមិទ្ធិផលលទ្ធកម្មរបស់ អ្នកវិទ្យាសាស្ត្រនិយម
  • អក្សរសាស្ត្រ ៖ ការបកស្រាយសិលាចារឹក អក្សរសិល្ប៍មានលក្ខណៈសុក្រិត។ 
  • វិទ្យាសាស្ត្រ ៖ ស្ថាបត្យកម្ម; តារាសាស្ត្រ បច្ចេកវិទ្យា ប្រព័ន្ធធារាសាស្ត្រ។ 
  • សិល្បៈ ៖ របាំ ចម្រៀង តន្ត្រី ល្ខោន និង ឧបករណ៍តន្ត្រី។ 
  • កំសាន្ត; កីឡា ៖ ល្បែងប្រជាប្រិយ កីឡា ផ្សេងៗ។ 
  • ជំនឿ ៖ ហោរាសាស្ត្រ; កម្មផល ធម្មជាតិ គុណទោស។ 
សមិទ្ធិផលលទ្ធកម្មរបស់ អ្នកសីលធម៌និយម
  • ស្លូតបូត រាបសា ឧស្សាហ៍ព្យាយាម។ 
  • ស្រលាញ់យុត្តិធម៌ សច្ចធម៌ ភក្តីភាព។ 
  • ចិត្តសន្តោស អធ្យាស្រ័យ មិនប្រកាន់ រើសអើង ស្រលាញ់សន្តិភាព។ 
  • មានសាមគ្គីភាព សមភាព សន្តិភាព។ 
  • រាប់មិត្តចេះយកអាសារគ្នា មិនរំលោភ ឈ្លានពានគេ។ 
  • ដោះស្រាយបញ្ហាដោយសន្តិវិធីស្រប ពុទ្ធសាសនា។

ហេតុអ្វីបានជាយើងត្រូវ ស្វ័យវាយតម្លៃ សកម្មភាពរបស់ខ្លួន ?

សំណួរ៖ ហេតុអ្វីបានជាយើងត្រូវស្វ័យវាយតម្លៃសកម្មភាពរបស់ខ្លួន ?

ចម្លើយ៖ 
បានជាយើងត្រូវស្វ័យវាយតម្លៃសកម្មភាពរបស់ខ្លួនព្រោះថា ៖
  • ស្គាល់កាន់តែច្បាស់ពីចំណុចខ្លាំង ចំណុចខ្សោយ សមត្ថភាព លទ្ធភាព និងបទពិសោធរបស់ខ្លួន។ 
  • រកឲ្យឃើញចំណុចខ្វះខាត និងកែលម្អ ស្វ័យអភិវឌ្ឍខ្លួនជាប្រចាំ។ 
  • ត្រូវស្គាល់ខ្លួនឯងសិន មុនស្គាល់អ្នកដទៃ។ 
  • ចង់បង្កើនប្រសិទ្ធភាពការងារ គុណសម្បត្តិ និងការទទួលខុសត្រូវ របស់ខ្លួន។

តើការបាត់បង់មនសិការ បង្កវិនាសកម្មដូចម្តេចខ្លះចំពោះខ្លួនឯងគ្រួសារ និងសង្គមជាតិ ?

សំណួរ៖ តើការបាត់បង់មនសិការ បង្កវិនាសកម្មដូចម្តេចខ្លះចំពោះខ្លួនឯងគ្រួសារ និងសង្គមជាតិ ?

ចម្លើយ៖ 
ការបាត់បង់មនសិការ បង្កវិនាសកម្មជាច្រើនចំពោះ ៖
  • ខ្លួនឯង ៖ បាត់បង់ការសិក្សា ការងារ កិត្តិយសរងការមើលងាយរស់នៅឯកោ បាត់បង់សេរីភាពគ្មានសុវត្ថិភាព ស្ថិរភាព ។ 
  • គ្រួសារ ៖ បាត់បង់ទ្រព្យសម្បត្តិ ខូចកេរ្តិ៍ឈ្មោះ កិត្តិយស ។ 
  • សង្គមជាតិ ៖ បាត់បង់ធនធានមនុស្ស សេដ្ឋកិច្ចកិត្យានុភាពប្រទេសសន្តិសុខសង្គម សេរីភាព យុត្តិធម៌ មនុស្សធម៌ បាត់ប្រជាធិបតេយ្យ បូរណភាពទឹកដីអត្តសញ្ញាណជាតិ វប្បធម៌ ខ្វះភាពម្ចាស់ការ និងទំនួលខុសត្រូវ ។

តើវប្បធម៌សន្តិភាព មានអត្ថប្រយោជន៍អ្វីខ្លះចំពោះសង្គមខ្មែរ?

សំណួរ៖ តើវប្បធម៌សន្តិភាព មានអត្ថប្រយោជន៍អ្វីខ្លះចំពោះសង្គមខ្មែរ?

ចម្លើយ៖ 
វប្បធម៌សន្តិភាពមានអត្ថប្រយោជន៍ជាច្រើនចំពោះសង្គមខ្មែរ៖
  • វប្បធម៌សន្តិភាពជាភាវៈទ្រទ្រង់នូវការសាបព្រោះបណ្តុះបណ្តាលភាពស្ងប់ចិត្ត បង្កើតចរិយាធម៌ ចេះគោរពសិទ្ធិមនុស្សស្របតាម ប្រជាធិបតេយ្យនិងលទ្ធិពុទ្ធសាសនា ។ 
  • អប់រំមនុស្សឲ្យគោរពជីវិតសព្វយ៉ាង លើកម្ពស់សេចក្តីថ្លៃថ្នូរ និងលុបបំបាត់ការរើសអើង ដោយមិនប្រកាន់ អ្វីទាំងអស់ ។ 
  • អប់រំមនុស្សឲ្យប្រកាន់មាគ៌ាអហិង្សា ;មានខន្តីសន្តោស ;លះបង់អស្មិមានះ មានព្រហ្មវិហាធម៌ ក្នុងខ្លួន។ 
  • អប់រំមនុស្សឲ្យចេះគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ចេះប្រើសិទ្ធិ ចេះគោរពច្បាប់ ធ្វើឲ្យសង្គមមានសណ្តាប់ធ្នាប់ល្អ។ 
  • អប់រំមនុស្សឲ្យចេះអភិវឌ្ឍប្រកបទៅដោយនិរន្តរភាព ទាំងសម្ភារៈចំនេះដឹង បញ្ញាស្មារតី ដើម្បីវឌ្ឍនភាពនៃជីវិត និងសុភមង្គល។

ដូចម្តេចដែលហៅថាអំពើហិង្សា? តើអំពើហិង្សាក្នុងគ្រួសារ ដែលបណ្តាលមកពីមូលហេតុអ្វីខ្លះ?

សំណួរ៖ ដូចម្តេចដែលហៅថាអំពើហិង្សា? តើអំពើហិង្សាក្នុងគ្រួសារ ដែលបណ្តាលមកពីមូលហេតុអ្វីខ្លះ?

ចម្លើយ៖ 
អំពើហិង្សាជាការបៀតបៀន ការធ្វើអាក្រក់ ការវាយដំការរំលោភបំពានដែលកើតមានឡើងធ្វើឲ្យ ឈឺចាប់ ប៉ះពាល់ផ្លូវកាយផ្លូវវាចា និងផ្លូវចិត្ត។អំពើហិង្សាក្នុងគ្រួសារបណ្តាលមកពីមូលហេតុជាច្រើន ដូចជា ៖
  • កត្តាធម្មជាតិ ៖ ស្ត្រីមានកម្លាំងខ្សោយជាងបុរស។ 
  • កត្តាបុគ្គល ៖ ប្តីមានអំណាចចាត់ទុកប្រពន្ធជាទាសី រឹងរូស ឆាប់ខឹងឆេវ​ឆាវ មួមៅ មើលងាយស្ត្រីភេទ មិនទទួលខុសត្រូវលើភារកិច្ច គិតថា អំពើហិង្សា ជាដំណោះស្រាយ ជាការអប់រំទូន្មាន។ 
  • កត្តាទំនៀមទម្លាប់ប្រពៃណី ៖ ការមិនឲ្យតម្លៃស្ត្រី ;ការអប់រំស្ត្រីឲ្យខ្លាចប្តី ;គោរព ស្តាប់បង្គាប់ប្តី សុខចិត្តរងទុក្ខអត់ធ្មត់គ្រប់យ៉ាង ។ 
  • កត្តាសង្គម ៖ គិតថាជាបញ្ហាឯកជន; មិនហ៊ានលូកដៃចូលក្នុងរឿងគ្រួសារគេ; មិនហ៊ានអន្តរាគមន៍ រឿងតូចតាច ។ 
  • កត្តាច្បាប់ ៖ ពុំទាន់មានច្បាប់ ការទប់ស្កាត់នៅមានកម្រិត​ត្រឹមការ​ផ្សះផ្សារ​ សម្រុះសម្រួល ។

ហេតុអ្វីបានជាគេថា ការស្គាល់ខ្លួនឯងជាប្រភពថាមពលដែលជំរុញឲ្យទទួល ជោគជ័យ?

សំណួរ៖ ហេតុអ្វីបានជាគេថា ការស្គាល់ខ្លួនឯងជាប្រភពថាមពលដែលជំរុញឲ្យទទួល ជោគជ័យ?

ចម្លើយ៖
បានជាគេថាការស្គាល់ខ្លួនឯង ជាប្រភពថាមពលដែលជំរុញឲ្យទទួលជោគជ័យ ព្រោះ ស្គាល់​ខ្លួនឯង​គឺស្គាល់៖
  • ចំណុចខ្លាំង ចំណុចខ្សោយ សមត្ថភាព លទ្ធភាព ទំនោរ កម្លាំងចិត្តកាយ ស្មារតី ស្គាល់ទីតាំងភូមិសាស្ត្របានច្បាស់លាស់។ 
  • ស្គាល់ការងារស្របសមត្ថភាព កម្លាំងកាយប្រាជ្ញា ចេះកំណត់ និងធ្វើជាម្ចាស់លើខ្លួនឯង។ 
  • ចេះរៀបចំគំរោងផែនការការងារសមស្រប។ 
  • ចេះធ្វើការសម្រេចចិត្តបានច្បាស់លាស់ និងមានការគាំទ្រពីមហាជន។ 
  • ចេះធ្វើការងារបានល្អ ទទួលលទ្ធផលជាទីពេញចិត្ត។

តើក្នុងការរស់នៅ មនុស្សត្រូវប្រកាន់គុណធម៌ប៉ុន្មានយ៉ាង? អ្វីខ្លះ?

សំណួរ៖ តើក្នុងការរស់នៅ មនុស្សត្រូវប្រកាន់គុណធម៌ប៉ុន្មានយ៉ាង? អ្វីខ្លះ?

ចម្លើយ៖ 
ក្នុងការរស់នៅមនុស្សត្រូវប្រកាន់គុណធម៌ប្រាំយ៉ាងគឺ ៖
  • គោរពមាតាបិតាចាស់ទុំ​ (ស្គាល់អំពើល្អអាក្រក់ សុចរិត ស្មោះត្រង់យុត្តិធម៌ )។
  • គោរពសិទ្ធិមនុស្ស​ (មិនរើសអើងអត់ឱន អធ្យាស្រ័យ )។ 
  • មានព្រហ្មវិហារធម៌ (មេត្តា ករុណា មុទិតា ឧបេក្ខា )។ 
  • មានសីលប្រាំ (បាណា អទិន្នា មុសា កាមេ សុរា )។ 
  • មានទសពិធរាជធម៌ (ទាន សីល បរិច្ចាគ អាជ្ជវៈ មន្ទវៈ តបៈ ខន្តីអក្កោធនៈ អវិហិង្សា អវិរោធនៈ )។

តើសីលធម៌ប្រាំយ៉ាង ដែលមនុស្សត្រូវប្រកាន់យក ដើម្បីរស់នៅដែលប្រកបដោយ គុណធម៌​សមរម្យមានអ្វីខ្លះ​?

សំណួរ៖ តើសីលធម៌ប្រាំយ៉ាង ដែលមនុស្សត្រូវប្រកាន់យក ដើម្បីរស់នៅដែលប្រកបដោយ គុណធម៌​សមរម្យមានអ្វីខ្លះ​?

ចម្លើយ៖ 
សីលធម៌ទាំងប្រាំយ៉ាងមាន ៖
  • សីលធម៌ផ្ទាល់ខ្លួន ៖ ដឹងខុសត្រូវល្អអាក្រក់ ក្លាហាន មានការទទួលខុសត្រូវ មានភាពម្ចាស់ការក្នុង ការងារ ។ 
  • សីលធម៌ក្នុងគ្រួសារ ៖ ស្គាល់កាតព្វកិច្ចជាឪពុកម្តាយជាកូន ចិញ្ចឹមបីបាច់កូនឲ្យកូនរៀនសូត្រ ស្រលាញ់ ឧបត្ថម្ភកូន អប់រំកូនស្មើៗគ្នា។
  • សីលធម៌វិជ្ជាជីវៈ ៖ មិនលោភលន់ ប្រកបរបរសុចរិត មិនរំលោភបំពានអ្នកដទៃ មានមនសិការការងារ ចេះតស៊ូព្យាយាមមិនរាថយ ។ 
  • សីលធម៌ក្នុងសង្គម ៖ មានសាមគ្គីល្អ មិនបង្កទំនាស់ ចេះគោរពសិទ្ធិគ្នា ស្រលាញ់យុត្តិធម៌ ស្រលាញ់មនុស្សទូទៅ ទទួលស្គាល់ទុក្ខអ្នកដទៃ។ 
  • សីលធម៌ពិភពលោក ៖ មានទំនាក់ទំនងល្អជាមួយបរទេស ដោយមិនប្រកាន់ជាតិសាសន៍ វណ្ណៈ ពណ៌សម្បុរ…។

តើទេសចរណ៍នៅកម្ពុជា ចែកជាប៉ុន្មានប្រភេទ? អ្វីខ្លះ?

សំណួរ៖ តើទេសចរណ៍នៅកម្ពុជាចែកជាប៉ុន្មានប្រភេទ? អ្វីខ្លះ?

ចម្លើយ ៖
ទេសចរណ៍នៅកម្ពុជាចែកជាប្រាំប្រភេទគឺ ៖
  • ទេសចរណ៍វប្បធម៌ ៖ ការកំសាន្តតាមប្រាសាទ វត្តអារាម សារមន្ទីរប្រពៃណី សម្លៀកបំពាក់ ល្បែងប្រជាប្រិយ។ 
  • ទេសចរណ៍ធម្មជាតិ ៖ ការកំសាន្តតាមតំបន់ធម្មជាតិ បរិស្ថាន ការការពារគ្រប់គ្រង ការរស់នៅជំនឿ ប្រពៃណី ជនជាតិភាគតិច ។ 
  • ទេសចរណ៍អរូបី ៖ ការកំសាន្តនៅតំបន់ទាក់ទងសាសនាការគោរពអ្នកតា ភាពអស្ចារ្យមើលមិនឃើញ។ 
  • ទេសចរណ៍កែច្នៃ ៖ ការកំសាន្តតាមរមណីយដ្ឋានមជ្ឈមណ្ឌលកីឡាផ្សារ ឆ្នេរសមុទ្រ។ 
  • ទេសចរណ៍ជំនួញ ៖ ការកំសាន្តតាមតំបន់ ដើម្បីស្វែងរកទីតាំងនៃការធ្វើវិយោគទុន ។

តើបញ្ហាអសកម្ម (ស្រី ស្រា ល្បែង គ្រឿងញៀន ) ដែលយុវជនកំពុង ប្រឈមមុខ បណ្តាលមកពីកត្តាអ្វីខ្លះ? ចូលបង្ហាញពីភារកិច្ចរបស់អ្នក និងអាកប្បកិរិយាចំពោះបញ្ហានេះ?

សំណួរ ៖ តើបញ្ហាអសកម្ម (ស្រី ស្រា ល្បែង គ្រឿងញៀន )ដែលយុវជនកំពុង ប្រឈមមុខ បណ្តាលមកពីកត្តាអ្វីខ្លះ? ចូលបង្ហាញពីភារកិច្ចរបស់អ្នកនិងអាកប្បកិរិយាចំពោះបញ្ហានេះ ?

ចម្លើយ៖ 
មូលហេតុទាំងនេះបណ្តាលមកពីកត្តាជាច្រើនដូចជា៖
  • កត្តាគ្រួសារ ៖ ភាពក្រីក្រ ភាពមមាញឹកការងារ ខ្វះការអប់រំ ទម្រើកូនពេក។ 
  • កត្តាសាលារៀន ៖ ជីវភាពគ្រូខ្វះខាត ភ័យខ្លាចសិស្ស មានពេលតិចខ្លាចឥទ្ធិពលម៉ែឪសិស្ស ។ 
  • កត្តាសង្គម ៖ ខ្វះការចូលរួមសហការគ្នា; ការលុកលុយវប្បធម៌ពីពួកបរទេស ការអនុវត្តច្បាប់ខ្វះ តម្លាភាព ឥទ្ធិពលប្រព័ន្ធផ្សព្វផ្សាយមិនល្អនិងការសាបព្រោះឥទ្ធិពលអាក្រក់ពីកូនអ្ន​កមាន ។ 
  • កត្តាបុគ្គល ៖ ការសេពគប់មិត្តមិនល្អ ការស្វែងរកភាពប្លែកៗខ្វះការពិចារណា ។ 
ភារកិច្ច និងអាកប្បកិរិយា សំខាន់ៗមាន៖ 
  • រស់នៅប្រកបដោយសីលធម៌ គុណធម៌ ចេះគោរពចាស់ទុំ គ្រូ ច្បាប់ ឲ្យសមជាកូនល្អ មិត្តល្អ សិស្ស ល្អ ។ 
  • ខំរៀនឲ្យបានពូកែ ជួយធ្វើការងារផ្ទះ សេពគប់មិត្តមិត្តល្អៗ។
  • ស្តាប់គ្រូឪពុកម្តាយទូន្មាន យកពរលធ្វើអ្វីមានប្រយោជន៍។ 
  • ចូលរួមសកម្មភាពសង្គម ចៀសចេញពីអបាយមុខ។ 
  • រាយការណ៍អាជ្ញាធរសមត្ថកិច្ចពីបញ្ហាអសកម្ម។ 
  • ជួយអប់រំផ្សព្វផ្សាយទាក់ទងមិត្តភក្តិ បងប្អូនចេញចាកអបាយមុខ។

អ្វីជាមាតុភូមិប្រទេស? តើយើងត្រូវបណ្តុះគំនិតស្នេហាជាតិ និងជាតិនិយមដូចម្តេច?

សំណួរទី៖ អ្វីជាមាតុភូមិប្រទេស? តើយើងត្រូវបណ្តុះគំនិតស្នេហាជាតិ និងជាតិនិយមដូចម្តេច?

ចម្លើយ៖ 
មាតុភូមិប្រទេស គឺជាប្រទេសកំណើត ដែលមនុស្សទាំងឡាយធ្លាប់រស់នៅជាមួយគ្រួសាររបស់ខ្លួន។ចំណែកស្នេហាជាតិ​ គឺស្នេហាមាតុប្រទេស ទឹកដី ភ្នំទន្លេ ព្រៃឈើ សម្បត្តិធម្មជាតិ ដែលជាវប្បធម៌ជាតិខ្លួន។

យើងត្រូវ បណ្តុះ ៖
គំនិតជាតិនិយមសំខាន់ៗមាន ៖ 
  • អប់រំឲ្យស្រលាញ់ទឹកដីភូមិកំណើត មានចំនូលចិត្តចង់រស់នៅស្រុកកំណើតទាក់ទងអនុស្សាវរីយ៍ ទីកន្លែងលក្ខខណ្ឌភូមិសាស្ត្រ។ 
  • បង្កើតមនោសញ្ចេតនាស្នេហាជាតិឯកឯងដោយជ្រាលជ្រៅតាំងពីមាតុភូមិភាសាអក្សរសាស្ត្រទំនៀម ទំលាប់ប្រពៃណី សិល្បៈនិងបរិយាកាសទូទៅ។ 
  • គឺអប់រំឲ្យស្រលាញ់សម្បត្តិវប្បធម៌ និងធម្មជាតិព្រមជាមួយសិល្បៈរៀងៗខ្លួន។ 
  • អប់រំមនសិការផ្ន​ត់គំនិតស្រលាញ់ពលកម្មធ្វើពលីកម្មសំរាប់ជាតិ។ 
  • អប់រំឲ្យស្រលាញ់ជនជាតិប្រវត្តិសាស្ត្រអរិយធម៌របស់ខ្លួន។ 
  • អប់រំឲ្យចេះច្នៃប្រឌិតកសាងប្រទេស និងខ្លួនឯងឲ្យរីកចម្រើន។ 
គំនិតស្នេហាជាតិសំខាន់ៗមាន ៖ 
  • បំពេញវីរសកម្មភាពដើម្បីជាតិប្រកបដោយសមត្ថភាពខ្ពស់។ 
  • ហ៊ានលះបង់ជីវិត និងអ្វីៗទាំងអស់ដើម្បីជាតិ។ 
  • ប្រព្រឹត្តិអំពើល្អប្រកបដោយសីលធម៌ គុណធម៌ខ្ពស់ ដោយស្រលាញ់កិត្តិយស កេរ្តិ៍ឈ្មោះ សេចក្តីថ្លៃថ្នូរ ជាងទ្រព្យសម្បត្តិលុយកាក់។ 
  • បង្កើតវិចារណញាណ នឹកដល់អ្វីជាអត្តសញ្ញាណជាតិ ព្រលឹងជាតិឧត្តមភាព និងមោទនភាពជាតិ។

តើកិច្ចការពារបរិស្ថានជាភារកិច្ចរបស់អ្នកណា?

សំណួរ៖ តើកិច្ចការពារបរិស្ថានជាភារកិច្ចរបស់អ្នកណា?

ចម្លើយ៖
កិច្ចការពារបរិស្ថានជាភារកិច្ចរបស់ ៖
–​ ក្រសួងបរិស្ថាន ៖
  • គ្រប់គ្រងបរិស្ថានតាមដានពិនិត្យណែនាំអនុវត្តកម្មវិធីបរិស្ថាន។ 
  • ជាសេនាធិការដ្ឋាភិបាល ការពារធនធានធម្មជាតិ។ 
  • ការរួមកម្លាំងពីប្រជាជន និងស្ថាប័នពាក់ព័ន្ធការងារបរិស្ថាន។ 
  • រៀបចំផែនការទិសដៅ ពង្រាងច្បាប់ការពារបរិស្ថាន និងបង្ក្រាបបទល្មើសផ្សេងៗ។ 
យើងទាំងអស់គ្នា៖ ការរួមសហការអនុវត្តភារកិច្ចបរិស្ថានរួមគ្នា គឺមិនប្រកាន់និន្នាការអ្វីទាំងអស់ ដើម្បីបរិស្ថានយើងទាំងអស់គ្នា ក្នុងជំហរនិងទំនួលខុសត្រូវរួមគ្នា។

ដូចម្តេចដែលហៅថាបរិស្ថាន? តើបរិស្ថានចែកជាប៉ុន្មានប្រភេទ? ចូររៀបរាប់​វិធី​ថែរក្សាការពារ​បរិស្ថាន?

សំណួរ៖ ដូចម្តេចដែលហៅថាបរិស្ថាន? តើបរិស្ថានចែកជាប៉ុន្មានប្រភេទ? ចូររៀបរាប់​វិធី​ថែរក្សាការពារ​បរិស្ថាន ?

ចម្លើយ៖ បរិស្ថានជាអ្វីៗដែលនៅជុំវិញខ្លួនយើងទោះមានជីវិតក្ដី គ្មាន​ជីវិត​ក្ដី​ហើយ​មាន​ទំនាក់ទំនង​គ្នាទៅវិញទៅមក។
បរិស្ថាន ចែកជាបីប្រភេទគឺ ៖ 
  • បរិស្ថានធម្មជាតិ (អ្វីៗកើតឯកឯង)។ 
  • បរិស្ថានមនុស្ស (ប្រជាជនទូទៅ)។ 
  • បរិស្ថានសង្គមវប្បធម៌ (អ្វីៗកើតពីស្នាដៃមនុស្ស )។
វិធីថែរក្សាការពារបរិស្ថានមាន ៖ 
  • មិនចោលសំរាមកាកសំណល់ជាតិពុលចាល់ក្នុងទឹក។
  • ជួយថែរក្សាសម្អាតទីធ្លាសាធារណៈ និងគេហដ្ឋាន។ 
  • កាត់បន្ថយការប្រើថ្នាំគីមី ការកាប់បំផ្លាញព្រៃឈើ។ 
  • ដាំដើមឈើឡើងវិញក្នុងគ្រួសារសាលារៀន សហគមន៍។ 
  • ​ជួយរក្សាអនាម័យទឹក ដីកាត់បន្ថយផ្សែងពុលផ្សេងៗ។
  • ចូររួមធ្វើអនាម័យតាមសហគមន៍ និងបំផុសការការពារបរិស្ថាន។ 
  • បំផុសការផ្សព្វផ្សាយឲ្យបានទូលាយ ពីសារៈសំខាន់ នៃការការពារបរិស្ថាន តាមរយៈ​ការរួបរួមសាមគ្គី គ្នាគ្រប់ មជ្ឈដ្ឋាន។ 
  • ជំរុញការអនុវត្តច្បាប់បរិស្ថានឲ្យមានប្រសិទ្ធភាព។

តើវត្តអារាម មានសារៈសំខាន់ដូចម្តេចខ្លះចំពោះប្រជាជនខ្មែរ ?

សំណួរ៖  តើវត្តអារាម មានសារៈសំខាន់ដូចម្តេចខ្លះចំពោះប្រជាជនខ្មែរ ?

ចម្លើយ៖ 
វត្តអារាមមានសារៈសំខាន់ជាច្រើនដូចជា ៖
  • ជានិមិត្តរូបពុទ្ធសាសនាសម្រាប់គោរពបូជា។ 
  • ជាឃ្លាំងមរតក វប្បធម៌ជាតិសម្បូរបែប។ 
  • ជាមន្ទីរពេទ្យព្យាបាលជំងឺអ្នកមានវិបត្តិផ្លូវចិត្ត។ 
  • ជាមជ្ឈមណ្ឌលសង្គ្រោះទុគ៌តជន(ក្មេងកំព្រា ជនពិការអនាថា…)។ 
  • ជាកន្លែងអប់រំសីលធម៌ គុណធម៌ ចំណេះចំនាងផ្សេងៗ។ 
  • ជាកន្លែងធ្វើបុណ្យទានសម្រាប់ពុទ្ធសាសនិកជន។ 
  • ជាសារមន្ទីរថែរក្សាតម្កល់ឯកសារដែលមានតម្លៃ។

ដូចម្តេចដែលហៅថា អត្តសញ្ញាណជាតិ? តើអត្តសញ្ញាណជាតិខ្មែរ មានសារៈសំខាន់ដូចម្តេចខ្លះ ?

សំណួរ៖ ដូចម្តេចដែលហៅថា​អត្តសញ្ញាណជាតិ? តើអត្តសញ្ញាណជាតិខ្មែរ មានសារៈសំខាន់ដូចម្តេចខ្លះ ?

ចម្លើយ៖
អត្តសញ្ញាណជាតិ <អត្ត+សញ្ញាណ+ជាតិ។
  • អត្ត ៖ គ្រឿងឬវត្ថុសម្គាល់ខ្លួន។ 
  • សញ្ញាណ ៖ សេចក្តីដឹងជាក់ ការយល់ច្បាស់។
  • ជាតិ ៖ កំណើតមនុស្សមានសញ្ជាតិផ្សេងៗ។
ដូចនេះអត្តសញ្ញាណជាតិជាក្រុមមនុស្សដែលមានកំណើតនៅ ក្នុងដែន ដីជាមួយគ្នា មានប្រវត្តិដូចគ្នា ឬមានភាសាតែមួយដូចគ្នា រីឯលក្ខណៈវប្បធម៌(ទំនៀមទម្លាប់ ប្រពៃណី សាសនា សិល្បៈ)ដូចគ្នា ចិត្តគំនិតឆន្ទៈរួមតែមួយ រូបសម្បត្តិ ចរិយាសម្បត្តិដូចគ្នាមានលក្ខណៈធម្មជាតិ សម្បត្តិវប្បធម៌ដូចគ្នា។

សារៈសំខាន់នៃអត្តសញ្ញាណជាតិ ខ្មែរមាន៖
  • ស្គាល់ពីប្រភពលក្ខណៈ តម្លៃព្រលឹងជាតិច្បាស់លាស់ ឈានទៅស្គាល់អរិយធម៌ ធ្វើឲ្យមានមោទនភាព មនសិការប្រយោជន៍ជាតិ។ 
  • ស្គាល់តម្លៃអរិយធម៌ជាតិ និងអត្តចរិតរបស់ជាតិ។ 
  • ចេះថែរក្សាការពារសញ្ញាណជាតិខ្មែរ។ 
  • ចេះទប់ស្កាត់អរិយធម៌បរទេសដែលអសកម្ម។ 
  • ចេះធ្វើជាតូបនីយកម្មលើអរិយធម៌បរទេសដែលល្អៗ និងផ្តល់នូវប្រយោជន៍ ដោយមានលក្ខណៈស្របចំនូលចិត្តខ្មែរ។

តើអរិយធម៌ខ្មែរ មានលក្ខណៈពិសេសអ្វីខ្លះ? តើអរិយធម៌សម័យអង្គរ រុងរឿង​អាស្រ័យ​កត្តាអ្វីខ្លះ?

សំណួរ៖ តើអរិយធម៌ខ្មែរ មានលក្ខណៈពិសេសអ្វីខ្លះ? តើអរិយធម៌សម័យអង្គរ រុងរឿង​អាស្រ័យ​កត្តាអ្វីខ្លះ?

ចម្លើយ៖
អរិយធម៌ខ្មែរមានលក្ខណៈពិសេសពីរយ៉ាងគឺ៖ 
  • លក្ខណៈជាតិ (លក្ខណៈស្ថិតស្ថេរ ទាក់ទងទំនៀមទម្លាប់ ប្រពៃណីទឹកដី ភូមិសាស្ត្រ ស្របតាម ចំណូលចិត្តប្រជាជនខ្មែរ )។ 
  • លក្ខណៈសំយោគ (បត់បែនតាមបរទេស មានលក្ខណៈវិទ្យាសាស្ត្រទំនើប​យក​មក​កែច្នៃ​តាមចំណូលចិត្ត​ខ្មែរ​លក្ខណៈ ជាតូបនីយកម្ម។ 
 អរិយធម៌នៅសម័យអង្គររុងរឿងដោយកសារកត្តា៖ 
  • កត្តាពលកម្មមនុស្ស ៖ (មេដឹកនាំមានសាមគ្គីភាព ឯកភាព ឧត្តមគតិប្រជាធិបតេយ្យ ការច្នៃប្រឌិត ឯប្រជារាស្ត្រ មានទំនុកចិត្តលើអ្នកដឹកនាំ មាន ទំនាក់ទំនងល្អ គោរពលទ្ធិទេវរាជ ពុទ្ធរាជ )។ 
  • កត្តាភូមិសាស្ត្រ ៖ (ដីមានជីជាតិ សម្បូរសម្បត្តិធម្មជាតិ សម្បូរដោយគមនាគមន៍ ងាយស្រួលធ្វើ ពាណិជ្ជកម្មកសិកម្ម )។ 
  • កត្តាប្រវត្តិសាស្ត្រ ៖ (មហានគរមានអំណាច ទឹកដីធំទូលាយ និងមានមានឥទ្ធិពល លើពិភពលោក)​។

តើរបបមាតាធិបតេយ្យ បានជះឥទ្ធិពល​ដល់វិស័យ អ្វីខ្លះក្នុង​សង្គម​ខ្មែរ​បច្ចុប្បន្ន ?

សំណួរ៖ តើរបបមាតាធិបតេយ្យ បានជះឥទ្ធិពល​ដល់វិស័យអ្វីខ្លះក្នុង​សង្គម​ខ្មែរ​បច្ចុប្បន្ន ?

ចម្លើយ៖
របបមាតាធិបតេយ្យ​បាន​ជះឥទ្ធិពល​ដល់​វិស័យជាច្រើនដូចជា ៖
  • វិស័យគ្រួសារ៖ (បុរសដណ្តឹងស្ត្រី ;ប្រពន្ធកាន់លុយ ;រៀបការខាងស្រីទៅបម្រើខាងស្រី )។ 
  • វិស័យសង្គម៖ (រាប់ខ្សែស្រលាយខាងម្តាយ;​ដាក់ឈ្មោះស្ត្រីមុន​បុរស​ដាក់​ឈ្មោះ​ភូមិស្រុក​ប្រទេស​ជា​របស់​ស្ត្រី )។ 
  • វិស័យរដ្ឋបាល៖ (មានពាក្យមេពីមុខគ្រប់ឋានានុក្រម )។ 
  • វិស័យអប់រំ៖ (ពាក្យស្លោក សុភាសិត អប់រំលើកកម្ពស់ស្ត្រី )។ 
  • វិស័យសិល្បៈស្ថាបត្យកម្ម៖ (សង់ប្រាសាទ; ភ្នំ )។ 
  • វិស័យទំនៀមទម្លាប់ប្រពៃណី៖ (ការរៀបការ តោងស្បៃ ចូលម្លប់ )។ 
  • វិស័យការងារ ៖ (អាទិភាពស្ត្រី )។

តើអ្នកស្នេហាជាតិ ត្រូវមានគុណសម្បត្តិដូចម្តេចខ្លះ?

សំណួរ៖ តើអ្នកស្នេហាជាតិ ត្រូវមានគុណសម្បត្តិដូចម្តេចខ្លះ?

ចម្លើយ៖ 
អ្នកស្នេហាជាតិត្រូវមានគុណសម្បត្តិដូចជា៖
  • បំពេញវីរៈភាព អង់អាចក្លាហាន តស៊ូប្រឆាំងមិនខ្លាចស្លាប់។ 
  • ធ្វើពលិកម្ម ហ៊ានលះបង់អ្វីៗគ្រប់យ៉ាង រួមទាំងជីវិតដើម្បីជាតិ។ 
  • ធ្វើសកម្មភាពមានប្រយោជន៍ ប្រកបដោយសីលធម៌ខ្ពស់ ចេះមានចិត្តស្រលាញ់ា​ការពារ​កិត្តិយស កេរ្តិ៍ឈ្មោះ និង​សេចក្តីថ្លៃថ្នូរ ជាង​ទ្រព្យសម្បត្តិខ្លួន។ 
  • ស្រលាញ់ប្រយោជន៍រួមជាងប្រយោជន៍បុគ្គល។ 
  • មានវិចារណញាណ ចេះស្រលាញ់ជាតិ អត្តសញ្ញាណជាតិ។ 
  • មានឆន្ទៈមនសិការស្នេហាជាតិ មិនរាថយ។

តើអ្វីទៅជានីតិរដ្ឋ ?តើប្រទេសមាននីតិរដ្ឋ មានលក្ខណៈសំខាន់ៗប៉ុន្មានយ៉ាង ?អ្វីខ្លះ ?

សំណួរ៖ តើអ្វីទៅជានីតិរដ្ឋ ?តើប្រទេសមាននីតិរដ្ឋ មានលក្ខណៈសំខាន់ៗប៉ុន្មានយ៉ាង ?អ្វីខ្លះ ?

ចម្លើយ៖
នីតិរដ្ឋជា ឬប្រទេសដែលប្រកាន់យកច្បាប់ជាគោល។ ប្រទេសមាននីតិរដ្ឋមានលក្ខណៈសម្គាល់ បួនយ៉ាងគឺ៖
  • រដ្ឋអំណាចមានគតិយុត្តិធម៌៖ (ប្រកាន់យុត្តិធម៌ស្របឆន្ទៈរាស្ត្រ )។ 
  • ការអនុវត្តច្បាប់គិតពីសិទ្ធិពលរដ្ឋ ៖ (ទាក់ទងសេរីភាណ; មានឧត្តមគតិ បម្រើប្រយោជន៍រាស្ត្រ មានស្ថាប័នទ្រទ្រង់មិនបំបិទសិទ្ធិតវ៉ា)។ 
  • ប្រព័ន្ធយុត្តិធម៌៖ (ការផ្សព្វផ្សាយច្បាប់ផ្សេងៗ)។ 
  • មានជំហរទទួលខុសត្រូវ៖ (ភ្ញាក់រឭកខ្លួនឯង មានឆន្ទៈផ្ទាល់ខ្លួន និងគ្មានការបង្ខិតបង្ខំ )។

ចូរបង្ហាញចំណុចសំខាន់ៗ រវាងការដឹកនាំផ្តាច់ការ និងការដឹកនាំបែបប្រជាធិបតេយ្យ?

សំណួរ៖ ចូរបង្ហាញចំណុចសំខាន់ៗ រវាងការដឹកនាំផ្តាច់ការ និងការដឹកនាំបែបប្រជាធិបតេយ្យ ?

ចម្លើយ៖ 
ចំណុចសំខាន់ៗនៃការដឹកនាំទាំងពីរមាន ៖
ការដឹកនាំផ្តាច់ការ 
  • បុគ្គលនិយម បក្សពួកតត្រកូល។ 
  • ការស្លាប់រស់របស់រាស្ត្រគឺស្ថិតលើអ្នកមានអំណាច អត្តនោម័ត។ 
  • ច្បាប់ស្ថិតលើអ្នកមានអំណាចគ្មានការគោរព សិទ្ធិមនុស្ស។ 
  • មនុស្សមានសិទ្ធិមិនស្មើគ្នាគ្មានគឺគ្មានសេរីភាព ក្នុងការ បញ្ចេញមតិ។ 
  • ប្រជាជនគ្មានតម្លៃថ្លៃថ្នូរមានភាពភ័យខ្លាចសង្គម មានអសន្តិសុខ។ 
ការដឹកនាំបែបប្រជាធិបតេយ្យ
  • មេដឹកនាំកើតតាមរយៈការបោះឆ្នោតដោយសេរី យុត្តិធម៌។ 
  • យកច្បាប់ជាធំ មានការគោរពច្បាប់និងសិទ្ធិមនុស្ស។
  • ប្រជារាស្រ្តមានសិទ្ធិសេរីភាពគ្រប់យ៉ាងយ៉ាង ទូលំទូលាយ។ 
  • វាសនាជាតិស្ថិតលើរាស្ត្រ។ 
  • ប្រជាជនមានសេចក្តីសុខទាំងផ្លូវកាយចិត្ត មានជីវភាពធូរធារ។
  • សង្គមជាតិមានសណ្តាប់ធ្នាប់ និងមានសន្តិសុខល្អ។

ចូរនិយាយពីគុណសម្បត្តិ និងគុណវិបត្តិនៃវិទ្យាសាស្ត្រ?

សំណួរ៖ ចូរនិយាយពីគុណសម្បត្តិ និងគុណវិបត្តិនៃវិទ្យាសាស្ត្រ ?

ចម្លើយ៖ 
គុណសម្បត្តិ វិទ្យាសាស្ត្រមាន៖
  • ជួយសម្រួលការរស់នៅ ឲ្យប្រសើរតាមរយៈសម្ភារៈទំនើបៗ។ 
  • ជួយថែរក្សាសុខភាព សម្រួលគមនាគមន៍ការធ្វើដំណើរ។ 
  • នាំមនុស្សឲ្យស្រលាញ់សច្ចភាព ការពិតទូទៅត្រួតត្រាលើធម្មជាតិ។ 
  • បណ្តុះការត្រិះរិះស្វែងរកការពិត បំបាត់ជំនឿមិនសមហេតុផល។ 
  • ដឹកនាំមនុស្សឲ្យជឿលើសមត្ថភាពខ្លួនឯង និងពង្រឹងពង្រីកសេចក្តីសុខទាំងផ្លូវកាយ ផ្លូវចិត្ត សម្ភារៈ។ 
  • ពង្រីក​ការសិក្សា​ស្រាវជ្រាវ​ គាស់​អាថ៌កំបាំង​ប្រកប​ដោយ​ការកែច្នៃ។ 
គុណវិបត្តិ វិទ្យាសាស្ត្រមាន៖
  • ជាមធ្យោបាយ​បម្រើ​ប្រយោជន៍​អ្នកមាន​ និង​ជិះជាន់​អ្នក​ទន់ខ្សោយ។ 
  • ធ្វើ​ឲ្យ​មនុស្ស​មាន​មហិច្ឆតា លោភលន់ចង់បានមិនចេះចប់។ 
  • បង្កើតការឈ្លានពាន អស្ថិរភាពសង្គម និងសន្តិសុខពិភពលោក។
ដូចនេះដើម្បីឲ្យវិទ្យាសាស្ត្រមានសារប្រយោជន៍ និងមានតម្លៃ ទាមទារ​ឲ្យ​បង្កើត​ការប្រើប្រាស់​វិទ្យាសាស្ត្រ​ស្ថិត​ក្នុង​ក្របខណ្ឌ​សីលធម៌ ដើម្បី​ផ្តល់​ភាពសន្តិសុខ និងវឌ្ឍនភាព សុភមង្គល​ដល់​មនុស្ស​ទូទៅ។

តើប្រជាពលរដ្ឋ ក្នុងសង្គមប្រជាធិបតេយ្យ មានសិទ្ធិ កាតព្វកិច្ច និងស្មារតីយ៉ាង ដូចម្តេចខ្លះ?

សំណួរ៖ តើប្រជាពលរដ្ឋ ក្នុងសង្គមប្រជាធិបតេយ្យ មានសិទ្ធិ កាតព្វកិច្ច និងស្មារតីយ៉ាង ដូចម្តេចខ្លះ?

ចម្លើយ៖ 
សិទ្ធិ សំខាន់ៗមាន៖
  • បោះឆ្នោត និងឈរឈ្មោះឲ្យគេបោះឆ្នោត។ 
  • ចូលរួមបង្កើតសមាគម ឬគណបក្សនយោបាយ។ 
  • សេរីភាពបញ្ចេញមតិ និងទាមទារឲ្យអ្នកដឹកនាំធ្វើតាមខ្លួន។ 
កាតព្វកិច្ច សំខាន់ៗមាន ៖
  • គោរពរដ្ឋធម្មនុញ្ញ ច្បាប់ សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។ 
  • ចូលរួមដឹងឮ ;ចូលរួមកិច្ចការកសាងជាតិជាមួយរដ្ឋាភិបាល។ 
ស្មារតី សំខាន់ៗមាន ៖
  • អត់ធ្មត់ អនុគ្រោះ យោគយល់ សម្របសម្រួល ;សហការគ្នា។ 
  • ហ៊ានបញ្ចេញមតិ ជជែកវែកញែករកខុសត្រូវ។

ដូចម្តេចដែលហៅថាសិទ្ធិ?សេរីភាព?ចូរបង្ហាញពីការអនុវត្តនៅក្នុងសង្គម និងព្រំដែន របស់វា?

សំណួរ៖ ដូចម្តេចដែលហៅថាសិទ្ធិ?សេរីភាព? ចូរបង្ហាញពីការអនុវត្តនៅក្នុងសង្គម និងព្រំដែនរបស់វា?

ចម្លើយ៖
សិទ្ធិ ជាអ្វីៗដែលជាតម្រូវការដ៏សំខាន់ក្នុងការរស់នៅក្នុងសង្គម ដែលប្រកបដោយសេចក្តីថ្លៃថ្នូរ និងសុភមង្គល។
សេរីភាព ជាភាពដែលត្រូវធ្វើ អ្វីៗបានតាមចិត្តតាំងពីកំណើត ដោយគ្មានព្រំដែនកំណត់។
ក្នុងការអនុវត្តយើងត្រូវចេះប្រើប្រាស់សិទ្ធិរបស់ខ្លួន ស្ថិតក្នុងព្រំដែនច្បាស់លាស់ ដើម្បី​កុំក្លាយជា​ការរំលោភសិទ្ធិ។
  • ព្រំដែននៃសិទ្ធិគឺច្បាប់។ 
  • ព្រំដែននៃច្បាប់គឺសិទ្ធិ។ 
  • ការប្រើសិទ្ធិមិនគោរពច្បាប់ នាំឲ្យអនាធិបតេយ្យ។ 
  • ការប្រើច្បាប់មិនគោរពសិទ្ធិ នាំឲ្យផ្តាច់ការ។

ដូចម្តេចដែលហៅថាលទ្ធិប្រជាធិបតេយ្យ? ចូរបង្ហាញពីសារៈសំខាន់និងការអនុវត្ត របស់វា?

សំណួរ ៖ ដូចម្តេចដែលហៅថាលទ្ធិប្រជាធិបតេយ្យ? ចូរបង្ហាញពីសារៈសំខាន់និងការអនុវត្ត  របស់វា?

ចម្លើយ ៖
លទ្ធិប្រជាធិបតេយ្យជាលទ្ធិដែលផ្តល់អំណាចដល់ប្រជាជនជាធំ ក្នុងការសម្រេចជោគ វាសនាប្រទេសជាតិ ឲ្យស្របតាមតម្រូវការ ឆន្ទៈ និងបំណងប្រាថ្នារបស់ប្រជាជន។ លទ្ធិប្រជាធិបតេយ្យមានសារៈសំខាន់ ជាច្រើនដូចជា៖
  • ផ្តល់សិទ្ធិសេរីភាពគ្រប់គ្រាន់ក្នុងការជ្រើសរើសតំណាងខ្លួនមានសិទ្ធិបង្កើតសមាគម ក្រុមហ៊ុន មូលនិធិ ឬអង្គការសង្គមផ្សេងៗ ដើម្បីបម្រើដល់ប្រជាជនទប់ទល់អំពើពុករលួយ ជំរុញអភិបាលកិច្ចល្អ និងការពារសេរីភាព។ 
  • ផ្តល់សេរីភាពពេញលេញក្នុងការបញ្ចេញមតិយោបល់ តាមរយៈការសរសេរ ការនិយាយ ការផ្សព្វ ផ្សាយ ការផ្លាស់ប្តូរអំណាចដោយសន្តិវិធី។ 
  • ធានាសិទ្ធិសេរីភាពក្នុងការហូបចុកអនាម័យ ការសិក្សាការថែរក្សាសុខភាព… ស្ថិតក្នុងក្របខណ្ឌ នៃច្បាប់។ គោលការណ៍ល្អៗក្នុងការអនុវត្តលទ្ធិប្រជាធិបតេយ្យមាន៖
  1. មានសមភាពមិនរើសអើងប្រកាន់វណ្ណៈ ពណ៌សម្បុរ និងការទទួលខុសត្រូវខ្ពស់ ដោយបំពេញភារកិច្ច តាមតួនាទី ឋានៈ យុត្តិធម៌។ 
  2. ផ្តល់សិទ្ធិសេរីភាពគ្រប់បែបយ៉ាង (ការនិយាយស្ដី បញ្ចេញមតិ វែកញែកទាមទារ ឲ្យរដ្ឋាភិបាល ធ្វើតាមឆន្ទៈរាស្ដ្រ)។
  3. មានភាតរភាពយោគយល់ អធ្យាស្រ័យមិនរំលោភបំពានអ្នកដទៃ។ 
  4. មានសិទ្ធិចូលរួមប្រជុំ ការអប់រំ ការជឿលើសាសនា ការបង្កើតសមាគម និងផ្តល់សិទ្ធិលើវិស័យ សេដ្ឋកិច្ច និងម្ចាស់ កម្មសិទ្ធិ។ 
  5. មានការបោះឆ្នោតគោរពលទ្ធផលឆ្នោតដោយសេរី ត្រឹមត្រូវនិងយុត្តិធម៌។ 
  6. មាននីតិអាជ្ញាគ្រប់គ្រងច្បាប់មានតុលាការ ជំហរអព្យាក្រិត។ 
  7. មានពហុបក្សជាច្រើន ដើម្បីរក្សាតុល្យភាពក្នុងការគ្រប់គ្រង។ 
  8. មន្ដ្រីរាជការគ្រប់លំដាប់ថ្នាក់ត្រូវអនុវត្តភារកិច្ចតាមតួនាទីរៀងៗខ្លួន។

តើការសិក្សាចំណេះដឹងទូទៅ ផ្តល់សារប្រយោជន៍ដូចម្តេចខ្លះចំពោះអ្នកសិក្សា?

សំណួរ ៖ តើការសិក្សាចំណេះដឹងទូទៅ ផ្តល់សារប្រយោជន៍ដូចម្តេចខ្លះចំពោះអ្នកសិក្សា?

ចម្លើយ ៖
ការសិក្សាចំណេះដឹងទូទៅផ្តល់សារប្រយោជន៍ ៖
  •  ចេះច្នៃប្រឌិតវប្បធម៌បរទេស ស្របចំណូលចិត្តខ្មែរ និងបណ្តុះនូវមនោសញ្ចេតនា ថែរក្សាការពារសម្បត្តិជាតិ។ 
  • មានទុនសម្រាប់ការបកស្រាយពន្យល់មហាជន និងផ្សារភ្ជាប់នូវវប្បធម៌ជាតិ និងអន្តរជាតិក្នុងការងារអប់រំទូទៅ។
  • ស្គាល់ច្បាស់ប្រភពលក្ខណៈ វប្បធម៌ជាតិរួមគ្នាលើកតម្កើង និងចេះផ្សព្វផ្សាយ វប្បធម៌ខ្មែរ ព្រមជាមួយការទប់ស្កាត់ វប្បធម៌ពាលា។ 
  • ធ្វើការអប់រំផ្សព្វផ្សាយបន្ត ពីវិធានការការពារបរិស្ថានថែរក្សានូវសុខភាព ការអនុវត្តច្បាប់ ការគោរព សិទ្ធិ ប្រជាធិបតេយ្យ ព្រមទាំងលើកកម្ពស់តម្លៃអត្តសញ្ញាណ និងព្រលឹងជាតិ។ 
  • ចេះរស់នៅក្នុងសង្គមសីលធម៌ គុណធម៌ ចរិយាធម៌ លុបបំបាត់ការរើសអើង ប្រកាន់វណ្ណៈ ប្រកបដោយកិត្តិយសសេចក្តីថ្លៃថ្នូរ។ 
  • មានសាមគ្គីភាព សមូហភាព ចេះអប់រំទូន្មានខ្លួនក្នុងការប្រើប្រាស់សិទ្ធិសេរីភាព និងជំរុញការការពារ ការប្រើប្រាស់ និងការអភិវឌ្ឍលទ្ធិប្រជាធិបតេយ្យ។ 
  • មានមនសិការវិជ្ជាជីវៈប្រកបរបរសុចរិត ស្គាល់ពីទួនាទីភារកិច្ច និងស្វ័យកែលម្អខ្លួនឯងជាប្រចាំ។ 
  • រួមកម្លាំងគ្នាលុបបំបាត់ភាពក្រីក្រ និងចូលរួមអភិវឌ្ឍសង្គម។

តើការសិក្សាវប្បធម៌–អរិយធម៌ មានសារៈសំខាន់ដូចម្តេចខ្លះចំពោះប្រជាជនខ្មែរ ?

សំណួរ ៖ តើការសិក្សាវប្បធម៌–អរិយធម៌ មានសារៈសំខាន់ដូចម្តេចខ្លះចំពោះប្រជាជនខ្មែរ ?

ចម្លើយ ៖
ការសិក្សា វប្បធម៌–អរិយធម៌ មានសារៈសំខាន់ណាស់ដូចជា ៖
  • យល់ច្បាស់ពីមូលដ្ឋានគ្រឹៈ សង្គមជាតិ ព្រលឹងជាតិ ព្រមជាមួយប្រភពវប្បធម៌ ដោយប្រៀបធៀប និងច្នៃប្រឌិតជាមួយបរទេសដោយ សមស្របតាមចំណូលចិត្ត និងលក្ខណៈជាតិ។ 
  • យល់ច្បាស់ពីអ្វីដែលខ្លួនមានល្អគេទទួលស្គាល់ និងបណ្តុះបណ្តាលមនោសញ្ចេតនា មនសិការ ថែរក្សាការពារ សម្បត្តិជាតិ។ 
  • ចេះរកវិធានការ​ឬមធ្យោបាយទប់ស្កាត់ និងវាយបកវប្បធម៌បរទេស យ៉ាងមានប្រសិទ្ធភាព។

តើវប្បធម៌បរទេសបានជះឥទ្ធិពលដូចម្តេចចំពោះយុវជនខ្មែរ ? ក្នុងនាមជាគ្រូបង្រៀនចូរបង្ហាញពីវិធានការទប់ស្កាត់?

សំណួរ ៖ តើវប្បធម៌បរទេសបានជះឥទ្ធិពល ដូចម្តេចចំពោះយុវជនខ្មែរ ? ក្នុងនាមជាគ្រូបង្រៀន ចូរបង្ហាញពីវិធានការទប់ស្កាត់?

ចម្លើយ ៖
ឥទ្ធិពលវប្បធម៌បរទេសចំពោះយុវជនខ្មែរមាន ៖
  • តន្ត្រីញាក់ញ័រខុសពីខ្មែរ និងសម្ភារៈបរទេសនិយម។ 
  • ភាពយន្តអាសអាភាស ឆក់ប្លន់កាប់ចាក់ ឃោរឃៅ ល្បិចកល់ ដ៏អាក្រក់។ 
  • មូតសក់ សម្លៀកបំពាក់ស៊ីវិល័យហួសហេតុ។ 
  • ឫកពារ មាយាទបរទេស(ចាប់ដៃ ញាក់ចិញ្ចើម លើកដៃ និងដើរលោតៗ។ 
  • អត្តចរិត ទំនៀមទម្លាប់ ឥរិយាបថបរទេសខុសពីខ្មែរ។
វិធានការទប់ស្កាត់វប្បធម៌បរទេសមាន ៖
  • បណ្តុះស្មារតីស្រលាញ់ និងផ្សព្វផ្សាយសិល្បៈវប្បធម៌ជាតិ ទៅដល់យុវជនតាមសាលារៀន ទីសាធារណៈ​ និងទប់ស្កាត់ វប្បធម៌ឥតប្រយោជន៍។
  • បង្កើតស្នាដៃខ្មែរដែលមានគុណភាពល្អ ជាទីពេញនិយម និងរួបរួម លើកតម្កើង សិល្បៈវប្បធម៌ជាតិ។ 
  • ស្រាវជ្រាវស្វែងយល់កែលម្អសិល្បៈវប្បធម៌ជាតិឲ្យសុក្រិត និងអប់រំ សីលធម៌ ក្នុងការរស់នៅ ឲ្យថ្លៃថ្នូរ ឧត្តុងឧត្តម។ 
  • អប់រំសីលធម៌ទាំងប្រាំ (ខ្លួនឯង គ្រួសារ សង្គម វិជ្ជាជីវៈ អន្តរជាតិ និងពន្យល់ហេតុផលរវាង សីលធម៌ និងអសីលធម៌។ 
  • អប់រំព្រំប្រទល់សិទ្ធិ និងច្បាប់ ដល់យុវជន ព្រមទាំងទំនួលខុសត្រូវ គឺដើម្បីលុបបំបាត់អនាធិបតេយ្យក្នុងសង្គម។ 
  • អប់រំឲ្យស្គាល់ និងស្រលាញ់លក្ខណៈ និងអត្តសញ្ញាណជាតិ ព្រមគ្នាជាមួយការទប់ស្កាត់ ការវាយបកលើ វប្បធម៌បរទេសមិនល្អ។

តើការយោគយល់អធ្យាស្រ័យគ្នា បានផ្តល់សារប្រយោជន៍អ្វីខ្លះដល់សង្គមជាតិ ?

សំណួរ ៖ តើការយោគយល់អធ្យាស្រ័យគ្នា បានផ្តល់សារប្រយោជន៍អ្វីខ្លះដល់សង្គមជាតិ ?

ចម្លើយ ៖
ការយោគយល់អធ្យាស្រ័យគ្នា បានផ្តល់សារប្រយោជន៍ជាច្រើនទៅដល់សង្គម ជាតិដូចជា ៖
  • បង្កើតសុខសុវត្ថិភាពផ្ទាល់ខ្លួន និងសង្គមជាតិមានសាមគ្គីភាព។ 
  • បង្កើនស្មារតីយោគយល់ សេចក្តីថ្លៃថ្នូរ កិត្តិយសខ្ពង់ខ្ពស់។ 
  • សង្គមមានការអភិវឌ្ឍប្រកបដោយភាពរីករាយស្និទ្ធស្នាល។ 
  • បង្កើនពលរដ្ឋល្អក្នុងសង្គមប្រជាធិបតេយ្យ។

តើសាលារៀនត្រូវធ្វើដូចម្តេចខ្លះ ដើម្បីក្លាយជាសាលារៀនដែលពិតប្រាកដ?

សំណួរ ៖ តើសាលារៀនត្រូវធ្វើដូចម្តេចខ្លះ ដើម្បីក្លាយជាសាលារៀនដែលពិតប្រាកដ?

ចម្លើយ ៖
ដើម្បីក្លាយជាសាលារៀនដែលពិតប្រាកដ ទាមទារឲ្យអ្នកដឹកនាំ គឺនាយកសាលា ចេះរៀបចំ សាលារៀនឲ្យក្លាយ ជាបរិស្ថានអប់រំ ឬជាមជ្ឈមណ្ឌល ដែលបណ្តុះបណ្តាល ធនធានមនុស្ស ពេញលេញ ដើម្បីសម្រេចគោលដៅអប់រំ ដូចជា ៖
  • រៀបចំបរិស្ថានសាលារៀនឲ្យក្លាយជាបរិស្ថានកុមារមេត្រីរៀបចំការតុបតែងទាំងក្នុងថ្នាក់ ទាំងក្រៅថ្នាក់ ឲ្យក្លាយជាចំណាប់អារម្មណ៍សិស្សានុសិស្ស។ 
  • រៀបចំសម្ភារៈបរិក្ខារទាក់ទងការសិក្សា(អគារ បណ្ណាល័យ ថ្នាក់រៀន តុ កៅអី ក្តារខៀន សៀវភៅសិក្សា…) ឲ្យបានគ្រប់គ្រាន់និងមានសុវត្ថិភាពល្អ។
  • រៀបចំវិន័យ បទបញ្ជាផ្ទៃក្នុង និងអនុវត្តឲ្យបានល្អប្រសើរ។ 
  • ធានាឯកភាពសាមគ្គីភាពផ្ទៃក្នុង និងពង្រឹងមនសិការវិជ្ជាជីវៈ។ 
  • យកចិត្តទុកដាក់អនុវត្តការប្រជុំក្រុមបច្ចេកទេស ការធ្វើថ្នាក់និទស្ស ការផលិតសម្ភារៈឧបទេស ការធ្វើកិច្ចតែងការបង្រៀន ដើម្បីគុណភាពការបង្រៀននិងរៀន។ 
  • បង្កើតទំនាក់ទំនងសហគមន៍អង្គការក្រៅរដ្ឋាភិបាល និងសប្បុរសជន ដើម្បី រៀបចំផែនការ អភិវឌ្ឍសាលា រៀន និងដោះស្រាយបញ្ហាចំពោះមុខ ក្នុងស្មារតីសាមគ្គីយោគយល់គ្នា។ 
  • លើកទឹកចិត្តគ្រូនិងសិស្ស ឲ្យអនុវត្តភារកិច្ចឲ្យបានល្អព្រមទាំងផ្តល់រង្វាន់ ប័ណ្ណសរសើរ ចំពោះអ្នកមានស្នាដៃ។ 
  • ទទួលផែនការថ្នាក់លើនិងបន្តផ្សព្វផ្សាយ អនុវត្តឲ្យមានប្រសិទ្ធិភាពខ្ពស់។

ចូរបង្ហាញពីចតុស្តម្ភនៃការអប់រំ?

សំណួរ ៖ ចូរបង្ហាញពីចតុស្តម្ភនៃការអប់រំ?

ចម្លើយ ៖
ចតុស្តម្ភនៃការអប់រំ ជាសសរគ្រឹះជាបង្គោលដ៏រឹងមាំ សម្រាប់ទ្រទ្រង់ការអប់រំ សំដៅសម្រេចគោលនយោបាយអប់រំ ដើម្បីកសាងធនធានមនុស្សមានបួនសំខាន់ៗគឺ ៖
  1. អប់រំចំណេះដឹង ៖ ឲ្យទូលំទូលាយស្ដីពីជីវភាពរស់នៅក្នុងសង្គមទាក់ទងអំពើហិង្សា សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ ;សុខភាព បរិស្ថានប្រវត្តិសាស្ត្រ និងបច្ចេកទេសវប្បធម៌…។ 
  2. អប់រំចំណេះធ្វើ ៖ ឲ្យមានបំនិនឬជំនាញអ្វីមួយច្បាស់លាស់សម្រាប់យកទៅប្រើប្រាស់ និងអនុវត្តក្នុងជីវភាពបានល្អ ប្រសើរ។ 
  3. អប់រំចំណេះអប់រំឥរិយាបថ ៖ ដើម្បីកែលម្អអាកប្បកិរិយាអប់រំអំពីសីលធម៌ និងបណ្តុះស្មារតីស្នេហាជាតិមាតុភូមិ។ 
  4. អប់រំចំណេះសមូហភាព ៖ ឲ្យមានស្មារតីសាមគ្គី ចេះរួមសហការគ្នាយោគយល់ អធ្យាស្រ័យ ដើម្បីរស់ នៅ និងធ្វើការជាមួយគ្នាប្រកបដោយសេចក្តីសុខនិងរីកចម្រើន។

តើពាក្យ "គរុនិស្សិត" មានអត្ថន័យ យ៉ាងដូចម្តេច ? តើត្រូវប្រកាន់ នូវអាកប្បកិរិយា បែបណាខ្លះក្នុង ពេលបណ្តុះបណ្តាល នៅវិទ្យាស្ថាន ជាតិអប់រំ?

សំណួរ ៖ តើពាក្យ "គរុនិស្សិត" មានអត្ថន័យ យ៉ាងដូចម្តេច ? តើត្រូវប្រកាន់នូវ អាកប្បកិរិយា បែបណាខ្លះក្នុង ពេលបណ្តុះបណ្តាល នៅវិទ្យាស្ថានជាតិអប់រំ?

ចម្លើយ ៖

ពាក្យ គរុនិស្សិត <គរុ+និស្សិត
– គរុ = គ្រូ, គំរូ។
– និស្សិត = អ្នករៀន ស្ថិតក្នុងការគ្រប់គ្រង នៃគ្រូក្នុងថ្នាក់ មានកម្រិតខ្ពស់។

ដូចនេះ គរុនិស្សិត ជាអ្នករៀនផ្នែកច្បាប់គរុកោសល្យ ជាអ្នក រៀនវិជ្ជាជីវៈ គ្រូបង្រៀន ដើម្បីក្លាយជាគ្រូបង្រៀន នាពេលអនាគត។

ក្នុងពេលបណ្តុះបណ្តាលនៅវិទ្យា ស្ថាន ជាតិ អប់រំត្រូវ ប្រកាន់នូវចរិត ៖
  • យកចិត្តទុកដាក់គោរពវិន័យ បទបញ្ជាផ្ទៃក្នុងសាលា។
  • តាមដានរិះគិត សង្កេតវិភាគ ប្រៀបធៀបលើមេរៀននីមួយ។ 
  • ស្តាប់ការណែនាំគ្រូ ;គណៈគ្រប់គ្រង ចេះស្តាប់មតិយោបល់។ 
  • ចេះស្វ័យសិក្សា ខំសិក្សាដើម្បីស្រាយបញ្ហា ចេះបញ្ចេញយោបល់។ 
  • ខំត្រងត្រាប់ បំពេញការងារសាលាចេះស្វ័យវាយតម្លៃ និងកែលម្អកំហុសឆ្គងផ្សេងៗ។ 
  • ខំស្រាវជ្រាវដកបទពិសោធល្អៗក្នុងការបង្រៀន និងរៀន (មានកិច្ចតែងការបង្រៀន សម្ភារៈឧបទេស ចេះលើកទឹកចិត្តគ្រប់គ្រង វិន័យសិស្ស )។ 
  • ចេះសាមគ្គីសហការ និងទំនាក់ទំនងល្អជាមួយមិត្តរួមថ្នាក់ ក៏ដូចជាសាស្ត្រាចារ្យ និងគណៈគ្រប់គ្រងសាលា។